សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ ឧកញ៉ា ស៊ាង លីម សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាភរិយារបស់លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប ជា «អ្នកឧកញ៉ា» នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។

លោកស្រីឧកញ៉ា ស៊ាង លីម ដែលមានស្វាមីជាដឹកនាំកាច់ចង្កូតដ៏ឆ្នើមល្បីល្បាញជើងចាស់ក្នុងពិភពជំនួញប្រទេសកម្ពុជា និងមានសេនាជាទ័ពស្រួចកំពុងគ្រប់គ្រងសម្ព័ន្ធក្រុមហ៊ុន លី ហួរ គ្រុប។ លោកស្រីឧកញ៉ា ចាប់ផ្តើមអាជីវកម្មដំបូងជាអ្នកលក់សំលៀកបំពាក់ និងក្រណាត់នាំចូលពីវៀតណាម ហើយក្រោយមកចាប់ផ្តើមអាជីវកម្មប្តូរប្រាក់និងលក់មាសក្នុងឆ្នាំ១៩៨៦ រហូតជោគជ័យពេលបច្ចុប្បន្ន។
អ្នកឧកញ៉ា ស៊ាង លីម អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប មានបទពិសោធន៍ទូលំទូលាយ ក្នុងការគ្រប់គ្រងអាជីវកម្មជាង៣០ឆ្នាំ ព្រមទាំងមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ អ៊ិចឆេង។ សូមបញ្ជាក់ជូនថា កាលពីជាង១១ឆ្នាំមុន លោកស្រី ស៊ាង លីម បានទទួលការត្រាស់បង្គាប់តែងតាំងជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣១៣/២៥០ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣៕


