លោកជំទាវឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ជាផ្លូវការ (MOU) លើកិច្ចសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលជំនាញ ក្នុងក្របខណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
ក្នុងឱកាសចុះ MOU នេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ រវាងស្ថាប័នរដ្ឋ និងឯកជននេះ សំដៅចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុង វិស័យព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ ឱ្យស្របតាមការវិវត្តយ៉ាងលឿន និងឥតឈប់ឈរក្នុងវិស័យនេះ ដែលកំពុងត្រូវបានជំរុញដោយបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត។
លោកជំទាវឧកញ៉ា ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យវគ្គសិក្សាអាចបើកជូនសិស្ស និស្សិតបានក្នុងពេលឆាប់ៗនេះ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីធានានិរន្តភាពនៃកម្មវិធីសិក្សា។
សូមជម្រាបថា តាមរយៈការចុះ MOU ខាងលើនេះ កម្មវិធីសិក្សារួមមានទ្រឹស្តី និងការអនុវត្តផ្ទាល់លើជំនាញសារព័ត៌មាន ការសរសេរអត្ថបទ ផលិតនិងការផ្សាយ ព័ត៌មានបែបប្រពៃណីព្រមទាំងដាក់បញ្ចូលផងដែរ ការបណ្តុះបណ្តាលជំនាញពហុព័ត៌មាន និងទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់សំខាន់ៗក្នុង វិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងយុគសម័យឌីជីថល ក្នុងនោះរាប់បញ្ចូលទាំងមុខវិជ្ជាស្នូល ដែលមានដូចជា៖ សារព័ត៌មាន, ជំនាញផលិតកម្មវិធីទូរទស្សន៍, សារព័ត៌មានឌីជីថល, ទំនាក់ទំនងសាធារណៈ និងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្ម, ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍៕