អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដែលក្រុមហ៊ុន វីរៈ ប៊ុនថាំ មានគោលបំណងចង់ចូលរួមក្នុងវិស័យកសិកម្ម ដោយផ្តោតទៅលើផលិតកម្មបន្លែ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមហ៊ុនក្នុងការចូលរួមសហការជាមួយនឹងប្រជាកសិករ ទទួលទិញបន្លែពីកសិករ ផ្តល់នូវបច្ចេកទេសដឹកជញ្ជូនដែលមានតម្លៃសមរម្យ និងមានគុណភាពសម្រាប់ផលិតកម្មបន្លែ ហើយក្រសួងកសិកម្មនឹងជួយគាំទ្រនូវបច្ចេកទេសដាំដុះ និងការរៀបចំផែនការឱ្យបានច្បាស់លាស់។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការកសាងសហគមន៍កសិកម្មទំនើប ដែលមានផែនការផលិតកម្មច្បាស់លាស់ មានទុនវិនិយោគ មានផែនការទីផ្សារត្រឹមត្រូវ និងអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដែលក្រុមហ៊ុនអាចចូលរួមតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ជួយកសិករឱ្យមានទីផ្សារ ដោយមិនប្រកួតប្រជែងជាមួយនឹងកសិករនោះទេ។
សូមជម្រាបថា ក្នុងបទសម្ភាសន៍ពិសេសជាមួយកម្មវិធី «សេដ្ឋីនិងជំនួញ» របស់ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញមហិច្ឆតាប្រែក្លាយកម្ពុជា ជាប្រទេសនាំចេញបន្លែទៅផ្គត់ផ្គង់ទីផ្សារនៅក្រៅប្រទេស កាត់បន្ថយការនាំចូលបន្លែមកពីប្រទេសជិតខាង ឱ្យសមនឹងឈ្មោះថាកម្ពុជា គឺជាប្រទេសកសិកម្ម។ ម្យ៉ាងទៀត អ្នកឧកញ៉ា យល់ឃើញថាប្រទេសកម្ពុជា មានភាពអំណោយផលគ្រប់បែបយ៉ាង ទាំងសណ្ឋានដី អាកាសធាតុ និងប្រព័ន្ធធារាសាស្រ្ដ ដែលបង្ករឱកាសដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំ បន្លែ ផ្លែឈើផ្សេងៗផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក៕