នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបការងារលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤។
កម្មវិធីនេះបានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា, លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, អ្នកឧកញ៉ា ហាន់ ឃាង និងអ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងឧកញ៉ា វ៉ាន់ ឆារស៍ជួន ប្រធានស្តីទីនៃសមាគមអ្នកសាងសង់កម្ពុជា រួមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រៅពីការបញ្ចប់នូវភាពចម្រូងចម្រាស់ក្នុងសង្គមជាតិហើយនោះ ការងារដែលត្រូវបន្តអនុវត្តទៅមុខ គឺគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិតគូរអំពីឧស្សាហកម្មសំណង់ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មសង្ហារឹម ដើម្បីធានាឱ្យឧស្សាហកម្មទាំងនេះបានដំណើរការទៅមុខ ពីព្រោះទាំងនេះគឺជាយន្តការសម្រាប់បង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា ឆ្នាំនេះជាឆ្នាំទី១៤ហើយ ដែលសមាគមអ្នកសាងសង់កម្ពុជា បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់សមាគម និងជាលើកទី១២ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា។
គោលបំណងចម្បងនៃការរៀបចំកម្មវិធីតាំងពិព័រណ៍នេះ គឺដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់នីមួយៗ អាចចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនជារៀងរាល់ឆ្នាំ ព្រមទាំងអាចធ្វើការ ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេសបង្កើតជាវេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ ថែមទាំងអាចជំរុញឲ្យមានការ សហការគ្នាជាដៃគូររវាងគូភាគី ដើម្បីទទួលបាននូវតម្លៃ និងលក្ខខណ្ឌទូទាត់ពិសេសៗ ពីដៃគូរ អាជីវកម្ម។
សូមជម្រាបថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ធ្វើឡើងមួយឆ្នាំម្តង ហើយឆ្នាំ២០២៤នេះ មានក្រុមហ៊ុនចូលរួមចំនួន ១១២ក្រុមហ៊ុន ស្មើនឹង ២៣៧ ស្តង់ ហើយមានការជួបគ្នាជាមួយក្រុមហ៊ុនធំៗ ល្បីៗ នៅក្នុងប្រទេសនឹងក្រៅប្រទេសជាច្រើន ពិសេសអ្នកចូលរួមអាចទស្សនាដោយសេរី ព្រមទាំងអាចទទួលបាន ការចូលរួម Business matching, ការចូលរួម Business networking, ជួបជាមួយម្ចាស់ក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុក, ជួបជាមួយម្ចាស់កម្រោង, ជួបជាមួយឱកាសការងារជាច្រើន, ទទួលបានការបញ្ចុះតម្លៃ និងការផ្តល់ជូនការដូជាច្រើនផងដែរ៕