អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងអ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកហាងលក់រថយន្តប្រណីត Hawon Auto Car កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ បានជួយថវិកាម្នាក់ ១លានរៀល ដល់បុរសម្នាក់ជាអ្នកដឹកជញ្ជូនតាមអនឡាញ ដែលមិនមានលទ្ធភាពធ្វើបុណ្យម្តាយ។

កាលពីថ្ងៃទី៤ ខែធ្នូ បុរសម្នាក់ឈ្មោះ ញឹក ចន្ទពិសិដ្ឋ អាយុ ៣៦ឆ្នាំ ជាអ្នកដឹកជញ្ជូនតាមអនឡាញ មានកូនតូច៣នាក់ និងត្រូវប្រពន្ធរត់ចោលរយៈពេលប្រមាណជាង ១ឆ្នាំមកហើយ បានរៀបរាប់ប្រាប់ដល់ TP News ថាខ្លួនមិនមានលទ្ធភាពធ្វើបុណ្យសពម្តាយ និងដឹកសពម្តាយយកទៅធ្វើបុណ្យនោះទេ ខណៈដែលបច្ចុប្បន្នខ្លួនរកបានកម្រៃបន្តិចបន្តួចត្រឹមចិញ្ចឹមក្រពះកូនតូចៗទាំង៣នាក់ប៉ុណ្ណោះ។

លោកបានឱ្យដឹងទៀតថា ម្តាយរបស់លោក មានអាយុ៧០ឆ្នាំ រស់នៅបន្ទប់ជួលស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាគ្រូបង្រៀនចូលនិវត្តន៍ បានទទួលមរណភាព នៅយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយសារមានជំងឺប្រចាំកាយច្រើនមុខ ដូចជាជំងឺបេះដូង លើសឈាម និងទឹកនោមផ្អែម។ មុនពេលស្លាប់ម្តាយរបស់លោកបានផ្តាំថា បើគាត់ស្លាប់ទៅ សូមយកសពរបស់គាត់ទៅបូជានៅវត្តសំពៅមាស ប៉ុន្តែលុះដល់ថ្ងៃម្តាយស្លាប់ លោកបែរជាគ្មានលទ្ធភាពសូម្បីជួលរថយន្តដឹកសាកសពម្តាយទៅធ្វើបុណ្យនៅវត្ត។
ក្រោយឃើញព័ត៌មានដ៏សោកសៅនេះ អ្នកឧកញ៉ា ទៀ វិចិត្រ និងអ្នកឧកញ៉ា ឈួន ហាវ៉ុន ក៏បានជួយជាថវិកាម្នាក់ ១លានរៀល ដល់បុរសឈ្មោះ ញឹក ចន្ទពិសិដ្ឋ ជាការចូលរួមចំណែកដើម្បីឱ្យបុរសរូបនោះអាចរៀបចំធ្វើបុណ្យជូនម្តាយ។
អ្នកឧកញ៉ា ទៀ វិចិត្រ និងអ្នកឧកញ៉ា ឈួន ហាវ៉ុន តែងចូលរួមចែករំលែកជួយដល់ពលរដ្ឋក្រខ្សត់ និងពលរដ្ឋជួបគ្រោះលំបាកជារឿយៗ។ លើសពីនេះ អ្នកឧកញ៉ាទាំងពីររូប ក៏បានចូលរួមបរិច្ចាគថវិកាជូនដល់កាកបាទក្រហមកម្ពុជា ព្រមទាំងបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន ក្នុងការងារសង្គមផ្សេងទៀត៕

