អ្នកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប នាំមិត្តភ័ក្តិរស់នៅភូមិជាមួយគ្នាតាំងពីក្មេង ដែលបច្ចុប្បន្នជាពោះម៉ាយមិនមានការងារធ្វើ ឱ្យមកនៅក្បែរធ្វើការជាមួយ ដើម្បីមានលទ្ធភាពចិញ្ចឹមកូនតូចៗពីរនាក់។

អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានលើកឡើងលើលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ យ៉ាងដូច្នេះថា៖ “កុំច្រឡំថាបង ឬពូខ្ញុំ វាជាមិត្តភ័ក្ដិបង្កើតខ្ញុំ តាំងពីក្មេងៗ ឈ្មោះអាខា។ វាខ្ពស់តែមិនសូវចេះលេងបាល់ទះទេ។ វាចាំតែខ្ញុំលេងបាល់ឈ្នះ វាអ្នកឌុបទៅហូបអំពៅសាង តាមភូមិ។ អាខាវារៀនសូត្របានតិចតួច សម័យនោះក្មេងៗក្នុងភូមិដូចពួកខ្ញុំ ពេញនិយមទៅធ្វើការនៅថៃ លួចចូលតាមច្រកព្រំដែន។ អាខាចរិតវាឆេវឆាវបន្តិច តែទៀងត្រង់ សម្តីវាបើអ្នកមិនស្គាល់ថាវាឈ្លើយ តែខ្ញុំស្គាល់វាច្បាស់វាចូលចិត្តនិយាយត្រង់”។
អ្នកឧកញ៉ា ហេង បូរិន បានឱ្យដឹងទៀតថា មិត្តភ័ក្តិរបស់លោកឈ្មោះ ខា បានមកភ្នំពេញជាងមួយខែហើយ ដោយរស់នៅបន្ទប់ជួលតូចមួយជាមួយកូនៗពីរនាក់ និងជាពោះម៉ាយ និងពុំមានការងារធ្វើនោះទេ។ អ្នកឧកញ៉ា បានបន្ថែមបែបនេះថា៖ “វាមកសុំការងារខ្ញុំធ្វើ វាថាមិនហ៊ានខលឬឆាតមកខ្ញុំទេ បានមិត្តភ័ក្ដិមួយទៀតឈ្មោះអាតួ នៅភូមិទាក់ទងមកជំនួសសុំការងារធ្វើ។ ថ្ងៃនេះជួបវាផ្ទាល់និយាយរឿងកាលពីក្មេងៗសើចសប្បាយច្រើន និងឱ្យវានៅក្បែរធ្វើការជាមួយ។ មិត្តភាពក្មេងៗ។
សូមជម្រាបថា អ្នកឧកញ៉ា ហេង បូរិន ជាសហគ្រិនវ័យក្មេងមួយរូប ដែលបាននឹងកំពុងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ គឺគម្រោង បុរី ហេង បូរិន គ្រុប។
ក្រៅពីវិនិយោគផ្ដល់ឱកាសការងារដល់ពលរដ្ឋក្នុងវិស័យអចលនទ្រព្យ អ្នកឧកញ៉ា ហេង បូរិន ក៏មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ ហើយបាននឹងកំពុងផ្ដល់ការងាររាប់ពាន់កន្លែង ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ផងដែរ។ ដោយឡែកការងារសង្គម អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ក៏ជាសហគ្រិនខ្មែរ ដែលតែងយកចិត្តទុកដាក់ខ្ពស់ ដល់បុគ្គលិកក្រោមឱវាទ និងការងារសប្បុរសធម៌ជួយត្រលប់ទៅសង្គម ដូចជា៖ ជួយកុមារកំព្រា ខ្វះខាតជីវភាព បរិច្ចាគជួយមន្ទីរពេទ្យ ជួយកសាងសាលារៀន និងសមិទ្ធផលនានានៅស្រុកកំណើតជាដើម៕














