កាលពីចុងសប្តាហ៍កន្លងទៅ កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឱ្យកក្រើក ខេត្តបន្ទាយមានជ័យនិងខេត្តព្រះវិហារ បន្ទាប់ពីបានចូលរួមច្រៀងនិងសម្តែងជូនបងប្អូនទស្សនិកជនទស្សនានៅទីនោះ អ្វីដែលពិសេសគឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហើរសំនៀងយ៉ាងពីរោះជាមួយបទចម្រៀង « សែកមន្ត » ដែលកាន់តែធ្វើឱ្យមហាជនពេញចិត្តខ្លាំងបំផុត ។

គ្រាន់តែលឺសម្លេងបទចម្រៀង « សែកមន្ត » បន្លឺឡើងភ្លាម សម្លេងស្រែកហ៊ោ និងទះដៃលាន់ឮរំពងពេញទីលាន ដែលបញ្ជាក់ថា ពួកគេពិតជាស្រឡាញ់ ពេញចិត្ត គាំទ្រកំពូលតារាចម្រៀង ព្រាប សុវត្ថិ គ្មានថ្ងៃប្រែប្រួលចិត្ត ។
បទចម្រៀង « សែកមន្ត » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅតែពីរោះរណ្តំចិត្ត និងមានការគាំទ្រច្រើនពីទស្សនិកជន ជាក់ស្តែងតាមរយៈវីដេអូសម្តែងនៅក្នុង ខេត្តបន្ទាយមានជ័យនិងខេត្តព្រះវិហារ កាលពីចុងសប្តាហ៍នេះ សន្ទុះនៃការគាំទ្របទចម្រៀងនេះនៅតែខ្លាំងមិនធម្មតាឡើយ ទស្សនិកជននៅតែសំណូមពរឱ្យកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ច្រៀងបទនេះជាបន្តបន្ទាប់ ។ ក្នុងទឹកមុខនិងកាយវិការដ៏សាមញ្ញរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ កាន់តែធ្វើឱ្យមហាជនពេញចិត្តនូវចរិតនិងរួសរាយរាក់ទាក់របស់លោក ។
កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រៀមនឹងមានស្នាដៃថ្មីៗជាច្រើនផ្សេងទៀតដើម្បីបង្ហាញមហាជន ជាពិសេសនៅដើមឆ្នាំ ២០២៥ខាងមុខនេះ ។ ឆាប់ៗនេះលោកក៏ត្រៀមនឹងបង្ហាវត្តមានថ្មីនៅលើឆាកតន្រ្តីតាមបណ្តាខេត្តនានាទៅតាមការសំណូមពររបស់មហាជន ដូច្នេះកុំភ្លេចចូលរួមគាំទ្រកំពូលតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ឱ្យបានច្រើនដើម្បីផ្តល់ជាកម្លាំងចិត្តដល់ពួកគាត់ ៕






