អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូវិនិយោគរបស់អាម៉េរិកចំនួន ១៦ក្រុមហ៊ុន ចូលជួបសម្តែងការគួសមនិងពិភ្សាជាមួយថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយបន្តមកចូលជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១០ខែធ្នូនេះ ផ្តើមចេញចេញពីសមិទ្ធផលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានណែនាំឱ្យមានការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅរដ្ឋកាលីហ័្វរញ៉ា សហរដ្ឋអាមេរិកកាលពីកន្លងទៅថ្មីៗនេះ។
អ្នកឧកញ៉ា លឹម ហេង សង្កត់ធ្ងន់ថា “នេះជាលទ្ធផលបានស្តែងចេញមកជាបណ្តើរៗហើយតាមរយៈការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសនេះ សម្រាប់ទាក់ទាញម៉ូយនៅនឹងកន្លែង ដើម្បីផ្តល់ព័ត៌មានចាំបាច់ ងាយស្រួលធ្វើការទាក់ទាញអ្នកវិនិយោគអាម៉េរិក មកកាន់ប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត”។
អ្នកឧកញ៉ា លើកឡើងថា បើតាមការសង្កេតរហូតដល់ចុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ចូលមកបណ្តាក់ទុននៅកម្ពុជា ខ្នាតធំមានចំនួនមួយគួរឱ្យកត់សម្គាល់ មានក្រុមហ៊ុន ហ្វ៊ត , ក្រុមហ៊ុនកូកាកូឡា រួមនិងក្រុមហ៊ុនផ្សេងទៀត។ក្រុមហ៊ុនរបស់អាម៉េរិកដែលបានបណ្តាក់ទុននៅកម្ពុជាសព្វថ្ងៃនេះវាជានិមិត្តរូបដ៏ល្អមួយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនផ្សេងទៀតឱ្យចូលមកវិនិយោគធ្វើការកែច្នៃនិងនាំចេញផលិតផលទៅទីផ្សារខាងក្រៅ។
អ្នកឧកញ៉ាមានប្រសាសន៍ថា “យើងសង្ឃឹមថាការតម្លើងពន្ធដាក់គ្នា រវាងសហរដ្ឋអាមេរិកនិងចិននេះ នឹងធ្វើឱ្យក្រុមហ៊ុនពីអាមេរិក ក៏ដូចជាក្រុមហ៊ុនពីចិន អាចមកវិនិយោគនៅកម្ពុជាបន្ថែមទៀតដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន នេះ”។
ទាក់ទងនិងការផលិតផលកម្ពុជានាពេលបច្ចុប្បន្ន, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមើលឃើញថា ផលិតផលដែលផលិតនៅកម្ពុជាឈានដល់កម្រិតស្តង់ដារ ហើយបាននាំចេញទៅប្រទេសកូរ៉េខាងត្បូង ចិន រួមនិងប្រទេសមួយចំនួនផ្សេងទៀត។ ដូចនេះពាក់ព័ន្ធនិងភូតគាមអនាម័យនេះមិនបានបញ្ហាទៀតទេ ក្នុងការផលិតនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកនេះ។
គួររម្លឹកផងដែរថា ដំណើរបេសកកម្មរបស់គណៈប្រតិភូវិនិយោគសហរដ្ឋអាម៉េរិកមកកម្ពុជា ដែលនឹងរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំឱ្យធុរកិច្ចជនសហរដ្ឋអាម៉េរិកបានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា៕ SL