ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមានឈ្មោះថា ChhunXing Construction របស់ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប ដែលទទួលម៉ៅការសាងសង់សំណង់អគារធំៗ ថ្មីនេះទទួលបានការដេញថ្លៃម៉ៅការសាងសង់ ឱ្យធ្វើអគារស្នាក់នៅរបស់មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ដែលអគារនេះជាអំណោយដល់ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី។

អគារស្នាក់នៅថ្មីនេះ ទើបសូត្រមន្តក្រុងពាលីបុកគ្រឹះសាងសង់ កាលពីថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ កែ សួនសុភី ផ្ទាល់តែម្តង ព្រមទាំងមានការចូលរួមឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មួយចំនួនផងដែរ។
សូមជម្រាបថា ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប រួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា បុរី ឈុនទីន, ឈុនស៊ីង ស៊ីធី, ឈុនស៊ីង ខុនស្ត្រាក់សិន និងជាប្រធាននៃសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ (CEADS) បានឈានជើងចូលប្រឡូកក្នុងវិស័យសំណង់ និងអចលនទ្រព្យអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ លោកឧកញ៉ា បានចាប់ផ្ដើមតស៊ូតាំងពីធ្វើជាមេការសំណង់ រហូតក្លាយជាស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប ដែលកំពុងទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបណ្តាខេត្តមួយចំនួនទៀត។







