ពិតជាគម្រូល្អមែន! ឧកញ៉ា ព្រាប សុវត្ថិ ស្ម័គ្រចិត្តលាលែងចេញពីក្របខ័ណ្ឌនាយទាហាន ដោយសុំរក្សាទុកគោរមងារជា «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀងផលិតកម្ម Galaxy Navatra បានស្ម័គ្រចិត្តលាលែងចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសុំរក្សាទុកគោរមងារជា «ឧកញ៉ា»។ នេះបើយោងតាមអនុក្រឹត្យលេខ ១១៥៦ អនក្រ.តត ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ព្រាប សុវត្ថិ អត្តលេខ ០៤៨៦៩៤ បច្ចុប្បន្នមានឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ៥) និងមានតួនាទីជា នាយរងការិយាល័យទី៥ កងទ័ពជើងគោក។ ការស្ម័គ្រចិត្តលាលែងចេញពីក្របខ័ណ្ឌរដ្ឋនេះ ក៏ដោយសារលោកឧកញ៉ា កំពុងមមាញឹកខ្លាំងលើការងារមុខជំនួញផ្ទាល់ខ្លួន ព្រមទាំងការចេញទៅច្រៀងក្នុងព្រឹត្តិការណ៍ធំៗនៅតាមបណ្តាខេត្តនានា។ ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ម្ចាស់បទចម្រៀង «សែកមន្ត» រូបនេះ ក៏ទើបបានចូលរួមច្រៀងនិងសម្តែងជូនបងប្អូនទស្សនិកជន នៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ យ៉ាងកក្រើកផងដែរ។ ម្យ៉ាងទៀត កំពូលតារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រៀមនឹងមានស្នាដៃថ្មីៗជាច្រើនផ្សេងទៀត ដើម្បីបង្ហាញមហាជន ជាពិសេសនៅដើមឆ្នាំ ២០២៥ខាងមុខនេះ។

គួរបញ្ជាក់ថា តាមព្រះរាជក្រឹត្យថ្មីស្តីពីគោរមងារឧកញ៉ា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ត្រង់មាត្រា១០ បានចែងថា គោរមងារឧកញ៉ា មានវិសមិតភាពជាមួយមុខងារជាមន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ។ នេះមានន័យថា បុគ្គលម្នាក់មិនអាចមានគោរមងារឧកញ៉ាផង និងបំពេញការងារជាមន្ត្រីរាជការ នគរបាលជាតិ ឬយោធិន ផងនោះទេ ពោលគឺតម្រូវឱ្យជ្រើសរើសយកតែមួយប៉ុណ្ណោះ រវាងក្របខ័ណ្ឌរដ្ឋ និងគោរមងារឧកញ៉ា។

សូមជម្រាបថា តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ មានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដែលរួមមានដូចជា៖ ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra, ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ, ហាងកាត់សក់ ព្រាប សុវត្ថិ, ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក), គម្រោងដីឡូត៍ ព្រាប សុវត្ថិ, បុរី ព្រាប សុវត្ថិ, អ្នកតំណាងផលិតផលទូរស័ព្ទដៃ Vivo, ទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត Isuzu, ទូតសុឆន្ទៈធនាគារ DGB និងជាទូតសុឆន្ទៈរបស់គម្រោងខុនដូ និងលំនៅឋានប្រណិត Morgan Enmaison រួមទាំងការងារជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra រូបនេះ ទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២៕