ក្រុមហ៊ុន អ ធី អិន ខេ គ្រុប (RTNK Group) បានរៀបចំពិធីសម្ពោធការិយល័យកណ្តាលរបស់ខ្លួន កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សហគ្រិនវ័យក្មេងដែលបញ្ចប់ការសិក្សាពីចក្រភពអង់គ្លេស ឧកញ៉ា ឈាង សុវណ្ណរតនៈ ស្ថាបនិក និងអគ្គនាយកនៃ អ ធី អិន ខេ គ្រុប។

ពិធីអបអរសាទរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានរៀបចំទៅតាមប្រពៃណី ពិធីក្រុងពាលី និងសូត្រមន្តចម្រើនព្រះបរិត្ត សម្ពោធការិយាល័យកណ្តាល អ ធី អិន ខេ គ្រុប ដែលមានទីតាំងនៅ បុរីប៉េងហួត ដឺស្តារមេរាហ្គាដិន (ផ្លូវ៥០ម៉ែត្រ) ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។ ការិយាល័យកណ្តាល អ ធី អិន ខេ គ្រុប មានបំពាក់បរិក្ខាទំនើបៗ គុណភាពខ្ពស់ ដែលមានបន្ទប់ប្រជុំ តូច-ធំ បន្ទប់បណ្តុះបណ្តាលបុគ្គលិក កន្លែងសម្រាក បន្ទប់ផ្ទុកទន្នន័យជាដើម។
សូមជម្រាបជូនថា ក្រុមហ៊ុន អ ធី អិន ខេ គ្រុប មានបុត្រសម្ព័ន្ធជាច្រើនក្នុងពហុវិស័យ ដូចជាផ្នែកថាមពល គឺស្ថានីយប្រេងឥន្ធនៈ ភីធីធី សាខាព្រែកហូរ ៥០ម៉ែត្រ ក្រុងតាខ្មៅ, ផ្នែកកីឡា Platinum Sports Club ស្ថិតនៅខណ្ឌជ្រោយចង្វារ, ផ្នែកម្ហូបអាហារ ប្រ៊ូវផាក និងភេសជ្ជៈ ប្រ៊ូវខហ្វហ្វី និងលក់រាយក្រុមហ៊ុន RTNK Retail ដែលទើបក្លាយជាដៃគូផ្តាច់មុខ និងតែមួយគត់នាំយកម៉ាកយីហោ Cartenz Tactical ពីប្រទេសឥណ្ឌូនេស៊ីមកកាន់ប្រទេសកម្ពុជា ស្ថិតនៅបុរីប៉េងហួតបឹងស្នោរ។ ឆាប់ៗខាងមុខ ហាង Cartenz Tactical នឹងបើកសម្ពោធជាផ្លូវការដែលមានទីតាំងស្ថិតនៅផ្លូវ ៣១៥ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ក្រុងភ្នំពេញ។
ថ្មីៗនេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ឧកញ៉ា ឈាង សុវណ្ណរតនៈ ក្រុមហ៊ុន RTNK Group បានបង្កើតនូវព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យបាល់ទាត់នៅប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះក៏នឹងបង្កើតជាវេទិកាកីឡាថ្មីមួយបន្ថែមទៀតដល់យុវជនកម្ពុជាដែលមកពីបណ្តាអង្គភាព ឬស្ថាប័នផ្សេងៗគ្នា មានមុខងារ វិជ្ជាជីវៈខុសៗគ្នា មានឱកាសក្នុងការជួបជុំគ្នា បង្កើត និងរឹតចំណងមិត្តភាព បង្កើនកិច្ចសហប្រតិបត្តិការ និងបណ្ដុះស្មារតីរួបរួមសាមគ្គី។
RTNK Group គឺជាសាជីវកម្មដែលផ្តួចផ្តើមដោយកូនខ្មែរសុទ្ធសាធ ក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យ រីហ្គេន (Regent’s University London) ចក្រភពអង់គ្លេស គឺឧកញ៉ា ឈាង សុវណ្ណរតនៈ ជាមួយចក្ខុវិស័យប្រែក្លាយទៅជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យរបស់ខ្លួន៕





















