ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «អ្នកឧកញ៉ា» ពីអ្នកឧកញ៉ា ហេង សិទ្ធី បន្ទាប់ពីមានពាក្យបណ្តឹងគំរាមទារប្រាក់ ២លានដុល្លារ ពីជនជាតិសិង្ហបុរី

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «អ្នកឧកញ៉ា» ពីអ្នកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាម គ្រុប តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបញ្ចប់គោរមងារអ្នកឧកញ៉ានេះ គឺបន្ទាប់ពីមានជនជាតិសិង្ហបុរីម្នាក់ឈ្មោះ Phua Gek Seng បានប្តឹងអ្នកឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពីបទបរិហារកេរ្តិ៍ និងគំរាមកំហែងទារប្រាក់ចំនួន ២លានដុល្លារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងភាពថ្លៃថ្នូរ ព្រមទាំងមានការរើសអើងជាសាធារណៈ។ ជាមួយគ្នានេះ ជនជាតិសិង្ហបុរីរូបនេះ ក៏បានសំណូមពរឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកឈ្មោះ ហេង សិទ្ធី យកមកផ្តន្ទាទោស និងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងប្តឹងទាមទារសំណងការខូចខាត និងជំងឺចិត្តចំនួន ១លានដុល្លារ វិញផងដែរ។

គួររំឭកថា កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហេង សិទ្ធី បានទម្លាយព័ត៌មានថា នៅកម្ពុជាមានជនជាតិសិង្ហបុរីសញ្ជាតិខ្មែរម្នាក់ កំពុងធ្វើប្រតិបត្តិការលាងលុយកង្វក់ និងឆបោកប្រាក់ពលរដ្ឋរាប់លាននាក់ក្នុងតំបន់អាស៊ី តាមរយៈការបើកកាស៊ីណូអនឡាញ និងគេហទំព័រហ្គេមអនឡាញ។ ជាមួយនឹងការបង្ហោះផ្សាយជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា ហេង សិទ្ធី ក៏បានស្នើឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បើកការស៊ើបអង្កេត និងបង្កកទ្រព្យសម្បត្តិ និងសាច់ប្រាក់នៅកម្ពុជា ដែលជាផលបានមកពីការបោកប្រាស់ប្រជាពលរដ្ឋរាប់លាននាក់៕