ព្រឹត្តិការណ៍បង្ហោះខ្លែងចម្រុះពណ៍ Colour the Sky by Ankor Sky នៅមុខសួនទឹក ហ្គាឌិន ស៊ីធី បានបញ្ចប់ហើយ ដែលព្រឹត្តិការណ៍នេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៥ ខែធ្នូ ឆ្នាំ២០២៤។

ការបង្ហោះខ្លែងអន្តរជាតិនេះ មានបណ្តាប្រទេសជាច្រើនបានចូលរួមបង្ហាញខ្លែងតាមប្រទេសរៀងៗខ្លួន ក្នុងនោះកម្ពុជាក៏មានខ្លែងដែលមានរចនាបថ និងទម្រង់របស់ខ្មែរ ដូចជាខ្លែងឯកជាដើម ផងដែរ។
ទិដ្ឋភាពបង្ហោះខ្លែងពេញផ្ទៃមេឃចម្រុះពណ៍ប្រៀបដូចជាផាត់ពណ៍លើផ្ទៃមេឃ នៅសួនទឹក ហ្គាឌិន ស៊ីធី ដែលជាសួនកម្សាន្តធំជាងគេ និងដំបូងបង្អស់នៅកម្ពុជានេះ គឺជាព្រឹត្តិការណ៍ទី១ ដែលសហការរៀបចំដោយ ហ្គាឌិនស៊ីធី និងដៃគូសហការឧបត្ថម្ភ ហើយព្រឹត្តិកាណ៍នេះក៏ត្រូវបានរំពឹងថានឹងមាននៅឆ្នាំបន្ទាប់ៗទៀតផងដែរ។

សូមបញ្ជាក់ថា សួនទឹក ហ្គាឌិន ស៊ីធី វ៉តធើផាក គឺជាកន្លែងលេងទឹកកម្សាន្តដ៏ធំ និងដំបូងគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់ឡើងនៅតំបន់អភិវឌ្ឍន៍របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលជាតំបន់អភិវឌ្ឍន៍រណបមួយភាគខាងជើងឈាងខាងកើតរាជធានីភ្នំពេញ។សួនទឹក ហ្គាឌិន ស៊ីធី ត្រូវបានបោះទុនវិនិយោគសរុបជាង៤៤ លានដុល្លារអាមេរិក។
សួនដ៏ធំនេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងក្មេងលេងជាច្រើន ទោង រំអិលដ៏ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងកន្លែងសំខាន់ៗផ្សេងទៀត៕






