កូនប្រុសអ្នកឧកញ៉ា ឃុន សៀ បង្ហើបថាការសាងសង់ទីក្រុងមេគង្គ ឃី គ្រោងបែងចែកជា ៦វិស័យសំខាន់ៗ

ជុំវិញ​ឧកញ៉ា

លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ដែលត្រូវជាកូនប្រុសរបស់ អ្នកឧកញ៉ា ឃុន សៀ នាយកក្រុមហ៊ុន TP Moral Group បានបង្ហើបឱ្យដឹងថា ទីក្រុងមេគង្គ ឃី (Mekong Quay City) នឹងត្រូវអភិវឌ្ឍដោយបែងចែកជា ៦វិស័យសំខាន់ៗ នៅលើផ្ទៃដី ១៤០ហិកតា នៃផ្ទៃដីសរុបប្រមាណ ២១០ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញក្នុងពិធីបើកការដ្ឋានទីក្រុងមេគង្គ ឃី (Mekong Quay City) ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប បានឱ្យដឹងថា ទីក្រុងមេគង្គ ឃី ស្ថិតក្នុងក្រុងអរិយក្សត្រ ជាគម្រោងមួយត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់ល្អិតល្អន់ នៅលើផ្ទៃដីទំហំប្រមាណ ២១០ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គ ទល់មុខទន្លេចតុមុខ ហើយមានចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។

លោកបានបន្តថា ទីក្រុងមេគង្គ ឃី ជាទីតាំងមួយផ្តល់នូវអំណោយផលយ៉ាងល្អឥតខ្ចោះ សម្រាប់ការអភិវឌ្ឍជាទីក្រុងនាពេលអនាគត។ ចំពោះផ្ទៃដីប្រមាណ ១៤០ហិកតា នៃទំហំផ្ទៃដីសរុប ក្រុមហ៊ុនគ្រោងអភិវឌ្ឍដោយបែងចែកជា ៦វិស័យសំខាន់ៗដូចខាងក្រោម៖

១. វិស័យពាណិជ្ជកម្ម៖ រួមមានបណ្តុំអគារការិយាល័យ ផ្សារទំនើបតាមដងទន្លេ ដែលជាការអភិវឌ្ឍសំខាន់ក្នុងគោលដៅជំរុញសេដ្ឋកិច្ច ប្រកបដោយភាពទាក់ទាញបំផុត សម្រាប់បម្រើដល់តម្រូវការជាច្រើន ដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

២. វិស័យលំនៅឋាន៖ រួមមាន បុរី ខុនដូ វីឡាឯកជន ដែលមានរចនាបថបែបសម័យ គុណភាព ទស្សនីយភាពប្លែក និងគិតគូរដល់បរិស្ថាន ដោយប្រើប្រាស់បច្ចេកវិទ្យាមានភាពច្នៃប្រឌិត មានភាពទាក់ទាញសម្រាប់ការរស់នៅ ប្រកបដោយនិរន្តរភាព។

៣. វិស័យបដិសណ្ឋារកិច្ច៖ មានដូចជា សណ្ឋាគារលំដាប់អន្តរជាតិ រីស៊ត ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត ដែលនឹងអភិវឌ្ឍតាមការរចនាបែបប្រណីត មានអត្ថន័យវប្បធម៌ រួមជាមួយសេវាកម្មមានស្តង់ដាខ្ពស់ ដើម្បីបំពេញតម្រូវការទាំងភ្ញៀវជាតិ និងអន្តរជាតិ។

៤. វិស័យអប់រំ៖ រួមមានការបង្កើតសាលារៀន បណ្ណាល័យ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា និងជំនាញ។ ទាំងនេះ មានសារៈសំខាន់ចំពោះការអភិវឌ្ឍចំណេះដឹង ជំនាញ ការផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយ និងសហគមន៍ ជាពិសេសពោរពេញដោយបរិយាកាសល្អ ដែលនឹងលើកស្ទួយដល់ការរៀនសូត្រ និងភាពច្នៃប្រឌិតខ្ពស់។

៥. វិស័យសុខាភិបាល៖ ក្រុមហ៊ុនក៏មានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបង្កើតមន្ទីរពេទ្យ ឃ្លីនិក មជ្ឈមណ្ឌលសុខភាព ដែលនឹងបំពាក់គ្រឿងបរិក្ខារទំនើបៗ មានភាពងាយស្រួលក្នុងការផ្តល់សេវាកម្មជូនប្រជាជន និងមានតម្លៃសមរម្យ។

៦. វិស័យទេសចរណ៍ និងវប្បធម៌៖ ផ្នែកនេះ នឹងត្រូវបង្កើតឡើងដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយវប្បធម៌ និងជាមជ្ឈមណ្ឌលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ទីតាំងនេះ នឹងរួមបញ្ចូលសារៈមន្ទីរ រោងមហោស្រប ដែលនឹងបង្ហាញពីសិប្បកម្មក្នុងស្រុក ការសម្តែងសិល្បៈប្រពៃណី និងប្រវត្តិសាស្ត្រខ្មែរ។ ជាពិសេសនឹងមានការរួមបញ្ចូលជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង VR ដែលអាចផ្តល់នូវភាពទាក់ទាញ បទពិសោធន៍ថ្មី ជូនភ្ញៀវទេសចរណ៍កាន់តែទទួលបានភាពងាយស្រួល ក្នុងការស្វែងយល់ពីវប្បធម៌ខ្មែរ។

ដោយឡែកចំពោះផ្ទៃដី ៧០ហិកតា ដែលនៅសល់ លោកបានបន្តថា គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ចក្ខុវិស័យក្នុងការអភិវឌ្ឍ នាពេលអនាគត។ ផ្នែកនេះនឹងត្រូវបានគ្រោងទុកសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមមានរៀបចំបណ្ដាញផ្លូវសាធារណៈ ដូចជា (ផ្លូវបើកបរយានជំនិះ ផ្លូវថ្មើរជើងសួនច្បារសាធារណៈ កន្លែងហាត់ប្រាណ និងរៀបចំតំបន់សួនច្បារបៃតងតាមដងទន្លេរដ៏ធំទូលាយ ដែលមានទទឹងរហូតដល់ទៅ៥០ម៉ែត្រ និងប្រវែង ៦គីឡូម៉ែត្រ ក្នុងគោលដៅលើកស្ទួយគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងបម្រើជាផលប្រយោជន៍សាធារណៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងងើបឡើងវិញជាបណ្តើរៗ។ គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ប្រជាជនផង និង ជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍របស់កម្ពុជា៕