អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group បានអញ្ជើញបើកដំណើរការសាកល្បងសណ្ឋាគារថ្មី Shangri-La Phnom Penh កម្ពស់កប់ពពកដល់ទៅ ២២៨ម៉ែត្រ និងជាសណ្ឋាគារទីមួយរបស់ក្រុមហ៊ុន Shangri-La Group នៅក្នុងប្រទេសកម្ពុជា។

សណ្ឋាគារ Shangri-La Phnom Penh ស្ថិតនៅតំបន់កោះពេជ្រ គឺជាផ្នែកមួយនៃសំណង់ស្ថាបត្យកម្មដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងចង្កោមសំណង់អគារបីជាប់គ្នា ជាប់គ្នានឹងអគារ The PEAK។ សណ្ឋាគារប្រណិតថ្មីនេះ មានបន្ទប់ចំនួន ៣០៣ ជាមួយទេសភាពដ៏អស្ចារ្យ នៃចំណុចប្រសព្វរវាងទន្លេសាប និងទន្លេបាសាក់។ លើសពីនេះ សណ្ឋាគារនេះ ក៏មានភោជនីយដ្ឋាន ជាមួយនឹងអាហារសម្បូរបែបក្នុងស្រុក និងអាហារបែបចិន ព្រមទាំងមានសាលប្រជុំដ៏ធំបំផុត ដែលជាទីកន្លែងដ៏ស័ក្តិសមមួយសម្រាប់ព្រឹត្តិការណ៍សំខាន់ៗដូចជា សន្និសីទ និងការរៀបចំកិច្ចប្រជុំនានាផងដែរ។
គួរបញ្ជាក់ថា Shangri-La Phnom Penh ជាផ្នែកមួយនៃ ក្រុមហ៊ុន Shangri-La Group ដែលបានសហការគ្នាជាមួយក្រុមហ៊ុន World Bridge Group។ ក្រុមហ៊ុន Shangri-La Group មានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង ដោយមានដៃគូ និងបុត្រសម្ព័ន្ធរបស់ខ្លួនជាង ១០០សណ្ឋាគារលំដាប់កំពូលៗនៅតាមបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ី។ សម្រាប់សណ្ឋាគារ Shangri-La Phnom Penh នឹងដាក់សម្ពោធស្វាគមន៍ភ្ញៀវជាផ្លូវការ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ តទៅ៕












