ឧកញ៉ា ច្រាយ សុន៖ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក

ជុំវិញ​ឧកញ៉ា

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុះដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ ហិកតា ខណៈបច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការលើកឡើងរបស់លោកឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា ក្នុងឱកាសចូលជួបពិភាក្សាអំពីយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍអនុវិស័យដំឡូងមីរបស់កម្ពុជា ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ លោកឧកញ៉ា ច្រាយ សុន បានលើកឡើងពីសក្តានុពលដ៏ធំនៃអនុវិស័យដំឡូងមី និងបានរាយការណ៍ថា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។

លោកឧកញ៉ាបន្តថា កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ ហិកតា។ មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត (reprocessing) ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម។

ជាការឆ្លើយតប លោក ហែម វណ្ណឌី បានលើកឡើងថា ការផ្លាស់ប្តូរពីការនាំចេញមើមដំឡូងមីស្រស់ ទៅជាការកែច្នៃក្នុងស្រុក គឺជាគន្លឹះក្នុងការបង្កើតតម្លៃបន្ថែម, លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ, និងធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា។

លោកក៏បានលើកឡើងពីតួនាទីសំខាន់របស់សហព័ន្ធដំឡូងមីកម្ពុជា ក្នុងការកៀរគរអ្នកដាំ, ជំរុញការប្រើប្រាស់ពូជដែលសម្បូរម្សៅ និងការអនុវត្តកសិកម្មតាមកិច្ចសន្យាដោយយុត្តិធម៌។

លើសពីនេះ លោករដ្ឋមន្រ្តីបានស្នើឱ្យសហព័ន្ធដំឡូងមីកម្ពុជា ចូលរួមផ្សព្វផ្សាយដល់ប្រជាកសិករដែលជាអ្នកដាំដំឡូងមីប្រមាណ ៩០.០០០ គ្រួសារនៅទូទាំងប្រទេស ស្វែងយល់ និងចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្នុងគោលដៅលើកកម្ពស់ភាពធន់ និងបរិយាបន្នសេដ្ឋកិច្ច៕