លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងកោតសរសើរក្រុមហ៊ុន វីរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ ថាក្រុមហ៊ុនមួយនេះ មានចំណុចខ្លាំងរបស់ខ្លួននៅលើវិស័យដឹកជញ្ជូននិងទីផ្សារ ដែលមានសក្តានុពលអាចបំពេញបន្ថែមឱ្យវិស័យកសិកម្មបានយ៉ាងល្អ និងជួយគាំទ្រដល់កសិករនៅក្នុងស្រុក។ នេះបើតាមបណ្ដាញសង្គមផ្លូវការរបស់លោក ឃឹម ហ្វីណង់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីលោកចូលជួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា សួរ វីរៈ។
នៅក្នុងឱកាសនៃការចូលជួបពិភាក្សាការងារនេះ លោក ឃឹម ហ្វីណង់ បានជជែកពិភាក្សាពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំបន្លែ និងរកវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឱ្យក្រុមហ៊ុន វីរៈ ប៊ុនថាំ អាចចូលរួមវិនិយោគនៅក្នុងវិស័យកសិកម្ម និងបំពេញចន្លោះខ្វះខាតនៃខ្សែច្រវ៉ាក់តម្លៃផលិតកម្ម ដោយមិនចាំបាច់ប្រកួតប្រជែងជាមួយកសិករ។
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម បានលើកឡើងថា ជាមួយនឹងបណ្តាញជាង១ពាន់កន្លែងនៅទូទាំងប្រទេស ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានចំណុចខ្លាំងរបស់ខ្លួននៅលើវិស័យដឹកជញ្ជូននិងទីផ្សារ ដែលមានសក្តានុពលអាចបំពេញបន្ថែមឱ្យវិស័យកសិកម្មបានយ៉ាងល្អ និងជួយគាំទ្រដល់កសិករយើង។
ជាពិសេស តាមរយៈបេះដូងស្រឡាញ់របស់អ្នកឧកញ៉ា សួរ វីរៈ លើវិស័យកសិកម្ម និងមានឆន្ទៈខ្ពស់ក្នុងការចូលរួមជួយវិស័យនេះ ដោយមិនគិតតែពីផលចំណេញតែមួយមុខ។
សូមជម្រាបថា ក្នុងបទសម្ភាសន៍ពិសេសជាមួយកម្មវិធី «សេដ្ឋីនិងជំនួញ» របស់ឧកញ៉ា ញូស៍ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញមហិច្ឆតាប្រែក្លាយកម្ពុជា ជាប្រទេសនាំចេញបន្លែទៅផ្គត់ផ្គង់ទីផ្សារនៅក្រៅប្រទេស កាត់បន្ថយការនាំចូលបន្លែមកពីប្រទេសជិតខាង ឱ្យសមនឹងឈ្មោះថាកម្ពុជា គឺជាប្រទេសកសិកម្ម។ ម្យ៉ាងទៀត អ្នកឧកញ៉ា យល់ឃើញថាប្រទេសកម្ពុជា មានភាពអំណោយផលគ្រប់បែបយ៉ាង ទាំងសណ្ឋានដី អាកាសធាតុ និងប្រព័ន្ធធារាសាស្រ្ដ ដែលបង្ករឱកាសដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំ បន្លែ ផ្លែឈើផ្សេងៗផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក៕