អតិថិជន បុរី វិមានសំណាង ពិតជាសំណាងមែន! ឧកញ៉ាបណ្ឌិត គីម ហ៊ាង ចុះ MOU ជាមួយ ស្ថាបនិកសាលារៀនអន្តរជាតិ ទ្រូវីហ្សិន កម្ពុជា និងសាលារៀន ម៉ារីវែល អន្តរជាតិភ្នំពេញ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយ លោកបណ្ឌិត សេង បូណា ស្ថាបនិក សាលារៀនអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា (True Vision) និងសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ (Marywell International School Phnom Penh)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

MOU ដ៏ពិសេសរវាងម្ចាស់គម្រោងបុរី លំដាប់អភិជន និងសាលារៀនអន្តរជាតិ ទាំង២ ខាងលើនេះ នឹងរួមចំណែកផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់អតិថិជន របស់បុរី វិមានសំណាង ដែលមានបុត្រធីតា ដល់វ័យចុះឈ្មោះចូលសិក្សា ហើយកំពុងស្វែករកសាលាឯកជន ដែលមានគុណភាព ស្របតាមកម្មវិធីសិក្សាទាំង ក្នុងនិងក្រៅប្រទេស។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា៖ «កន្លងមកយើងបានសិក្សាការសហការណ៍ជាមួយគ្នាជាច្រើនឆ្នាំមកហើយ ទើបដល់ពេលនេះ យើងសម្រេចចុះអនុស្សរណៈយោគយល់គ្នា ព្រោះយើងបានលើកយកនូវយុទ្ធសាស្រ្តឈ្នះឈ្នះ បានន័យថា ការសហការណ៍នេះមានផលចំណេញទាំងសងខាង»។

លោកឧកញ៉ាបណ្ឌិត ក៏សូមអរគុណដល់ លោកបណ្ឌិត សេង បូណា ដែលជ្រើសរើស បុរី វិមានសំណាង ជាដៃគូសហការដ៏យូរអង្វែង លើចក្ខុវិស័យ លើកកម្ពស់វិស័យអប់រំ នៅកម្ពុជាឱ្យកាន់តែបន្តរីកចម្រើន។

ជាមួយគ្នានោះ បណ្ឌិត សេង បូណា ស្ថាបនិកសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា (True Vision) និងសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ (Marywell International School Phnom Penh) បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាការបង្កើតកម្មវិធី business network និងមាន MOU ដើម្បីជំរុញក្នុងការជួយគ្នាទៅវិញទៅមកគ្រប់វិស័យ មិនថាវិស័យអប់រំ ឬវិស័យអចលនទ្រព្យនោះទេ។

សូមជម្រាបជូនថា បុរី វិមានសំណាង ជាគម្រោងអភិវឌ្ឍលំនៅឋានបែបអភិជន ដោយមានការសាងសង់ជាប្រភេទផ្ទះអាជីវកម្ម (Shophouse) រួមទាំងប្រភេទផ្ទះវីឡាប្រណិតៗចំនួន ៤ប្រភេទទៀតដូចជា វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡារ៉ូយាល់ (Royal Villa)។

បុរី វិមានសំណាង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕