ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី វិមានសំណាង យល់ឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងវិលទៅរកស្ថានភាពស្រស់បំព្រងវិញ នៅឆ្នាំ២០២៥ ដោយសារមានកត្តាអំណោយផលពីខាងក្រៅចំនួនពីរ និងការខិតខំប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិថ្មី។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា ឆ្នាំ២០២៤ ជាឆ្នាំដែលយើងមើលឃើញថា វិស័យដីធ្លីនៅកម្ពុជាមានការលំបាកខ្លាំង ប៉ុន្តែវាបានចាប់ផ្តើមលំបាកតាំងពីឆ្នាំ២០២១ មក។ យ៉ាងណាក្តីរយៈពេល៣ខែចុងឆ្នាំ២០២៤ គឺជាពេលវេលាមួយដែលលោកមានក្តីរំពឹង ១៨០ដឺក្រេមកវិញ ដោយសារបានលឺព័ត៌មានចំនួន២គឺ ទី១ ព័ត៌មានពី Reuter បានលើកឡើងថារាជរដ្ឋាភិបាលចិននឹងទម្លាក់លុយចំនួន ១១ទ្រីលានដុល្លារ ដើម្បីជួយដល់ម្ចាស់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសចិន នោះលុយទាំងនោះនឹងសាយភាយដល់ប្រទេសជាច្រើន រួមទាំងកម្ពុជាដែលសម្បូរអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាជនជាតិចិន។
ទី២ ការបោះឆ្នោតនៅសហរដ្ឋអាមេរិក ជាការកំណត់ជោគវាសនានៃសេដ្ឋកិច្ចនយោបាយពិភពលោកក្នុងឆ្នាំ២០២៥ ដោយសារតែអាមេរិក ជាមហាអំណាចលើពិភពលោក។ លទ្ធផលគឺ លោក ដូណាល់ ត្រាំ ជាអ្នកសេដ្ឋកិច្ចបានជាប់ឆ្នោត ហើយមុនជាប់ឆ្នោតគាត់បានសន្យាហើយថា បើគាត់ជាប់ឆ្នោតរឿងទី១ ដែលលោកត្រូវធ្វើគឺ ការបញ្ចប់សង្គ្រាមរុស្សី-អ៊ុយក្រែន។ ចំណុចពីរនេះ ជាចំណុចដែលនឹងជួយឱ្យវិស័យដីធ្លីសេដ្ឋកិច្ចពិភពលោកល្អ ហើយវាជាព័ត៌មានល្អសម្រាប់ប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជាយើងបានដើរតាមទាំងអាមេរិក និងចិន។ ចំណុចទាំងនេះ ក៏បញ្ជាក់ថាឆ្នាំ២០២៥ សេដ្ឋកិច្ចពិភពលោកនឹងល្អ សង្គ្រាមនឹងបញ្ចប់ ដីធ្លីនឹងចាប់ផ្តើមដំណើរការល្អឡើងវិញ។
លោកឧកញ៉ាបណ្ឌិត បានបន្តថា សម្រាប់ឆ្នាំ២០២៥ ជាឆ្នាំដែលនឹងត្រឡប់មកវិញនៃវិស័យដីធ្លីនៅកម្ពុជា។ វិស័យដីធ្លីនៅកម្ពុជា បានចាប់ផ្តើមធ្លាក់តាំងពីខែកក្កដា ឆ្នាំ២០១៩ រហូតដល់កូវីដ-១៩ និងសង្គ្រាមអន្តរជាតិមកទល់សព្វថ្ងៃ។ ទោះយ៉ាង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការ ហើយលោកនឹងចុះហត្ថលេខាលើកិច្ចសន្យាជាង២០ ដើម្បីបញ្ចប់សង្គ្រាម។ បច្ចុប្បន្ននេះ ដីធ្លីនៅកម្ពុជាលក់មិនដាច់មិនមែនមកពីមិនមានមនុស្សទិញនោះទេ មនុស្សមានលុយប៉ុន្តែពួកគាត់បានយកលុយទៅផ្ញើនៅធនាគារច្រើន ដោយសារភ័យខ្លាច មិនទាន់ទុកចិត្តលើស្ថានភាពសេដ្ឋកិច្ច។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ទៀតថា លោកហ៊ាននិយាយថា ឆ្នាំ២០២៥ វិស័យដីធ្លីដែលធ្លាប់ស្រស់បំព្រង នឹងវិលត្រឡប់មកវិញ ដោយសារ ១.មនុស្សជាច្រើននឹងដកលុយពីធនាគារមកទិញដី ឬទិញផ្ទះ ២.រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ផ្តោតលើសេដ្ឋកិច្ចជាគោល ដឹកនាំដោយបញ្ញវ័ន្តវ័យក្មេង ហើយពួកគាត់បានដើរទាក់ម៉ូយនៅតាមបណ្តាប្រទេសជាច្រើន ដូច្នេះឆ្នាំ២០២៥ នឹងមានវិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើន៕


