ឧកញ៉ាៗថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារចំពោះកិច្ចផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន បានដឹកនាំសហប្រធានក្រុមការងារទាំង១៦ផ្នែកឯកជន និងលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណ:កម្មាធិការសម្របសម្រួលក្រុមការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន និងទាំងមន្ត្រីគ្រប់លំដាន់ថ្នាក់នៃ ក.អ.ក ជាពិសេសវត្តមានថ្នាក់ដឹកនាំសំខាន់ៗ និងលេខាធិការដ្ឋានក្រុមការងារ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល ទាំង១៦ អនុវត្តក្រោមយន្តការនេះ និងតំណាងពី CAPRED ព្រមទាំងឧកញ៉ាៗ ដែលជាថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើចំណុចសំខាន់ៗដែលបានស្នើនិងលើកឡើងដោយវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំនីតិវិធី សម្រាប់អនុវត្តរួមសម្រាប់ កិច្ចសហប្រតិបត្តិកាល្អ និងបន្តមានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ។ អង្គប្រជុំក៏បានធ្វើបទបង្ហាញ ស្តីពី (១). វឌ្ឍនភាពការងាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន, (២) ការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការ នៃយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤, (៣). ធ្វើបច្ចុប្បន្នភាពលទ្ធផល និងដំណើការអនុវត្ត ក្រុមការងារតាមវិស័យផ្នែកឯកជន ក្រោមយន្តការវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង ១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ធ្លាប់បានថ្លែងរំលឹក កាលពីខែតុលា ឆ្នាំ២០២៤ ថា វេទិកា រដ្ឋាភិបាល-វិស័យឯកជន (G-PSF) បានក្លាយជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់តាំងពីវេទិការដ៏សំខាន់នេះ បានបង្កើតឡើង ក្នុងឆ្នាំ ១៩៩៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ចាប់តាំងពីពេលនោះមក វាបានក្លាយជាវេទិកាមួយដែលវិស័យឯកជន និងរដ្ឋាភិបាលសហការគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់បរិយាកាសធុរកិច្ច៕