សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការផ្តន្ទាទោសជនជាប់ចោទអតីតឧកញ៉ា ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីឃាតកម្ម ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងរំលោភលើលំនៅឋាន ដោយសម្រេចឱ្យជាប់ពន្ធនាគារសរុបចំនួន ៣១ឆ្នាំ និងសំណងជាប្រាក់ប្រមាណជាង ២,៥លានដុល្លារសហរដ្ឋអាមេរិក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនជាប់ចោទ ស្រី ស៊ីណា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះបើកសវនាការកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លើសំណុំរឿងព្រហ្មទណ្ឌចំនួន ០៣ គឺ៖ ១.បទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, ២.បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និង ៣.បទរំលោភលើលំនៅឋាន។
គួររំឭកថា ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា បានប្រព្រឹត្ដអំពើរឃាតកម្ម ដោយបាញ់សម្លាប់គូដណ្ដឹង២រូប និងបុគ្គលិក២រូបទៀត បានរងរបួស នៅបុរីមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពី១៧ ខែមិថុនា ឆ្នាំ២០២៤។ បន្ទាប់មក លោកត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕