អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយ «ហេតុអ្វីជំនាញទន់ ជាថាមពលស្នូលដ៏សំខាន់ជួយឱ្យយើងជោគជ័យ»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានបកស្រាយអំពីនិយមន័យ «ជំនាញទន់» ដែលជាជំនាញដ៏ចាំបាច់បំផុតមួយ ក្នុងការរស់នៅរបស់ជីវិតមនុស្សម្នាក់ៗ ជួយឱ្យយើសម្រេចរាល់ការងារផ្សេង និងអាចជាមនុស្សជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា បានលើកឡើងក្នុងវីដេអូឃ្លីបថា ជំនាញទន់ ជាជំនាញមួយដែលអ្នកមិនអាចរៀនចេះពីក្នុងថ្នាក់ ហើយក៏មិនអាចបង្រៀនឱ្យចេះបានដែរ។ វាគឺជាជំនាញដែលអ្នកត្រូវតែមុជរៀន ឆ្លងកាត់ និងដកពិសោធន៍ដោយខ្លួនឯងផ្ទាល់ តាមរយៈការចូលរួមសកម្មភាពនានា ដូចជាសកម្មភាពក្នុងថ្នាក់ បរិយាកាសការងារ និងពើបប្រទះនូវអ្វីជាច្រើនផ្សេងទៀត ព្រមជាមួយនឹងការអនុវត្ត នោះទើបអ្នកទទួលបានជំនាញនេះ។

«ពេលណាអ្នកកាន់តែអនុវត្ត ប្រឡូក ជួបប្រទះ ឆ្លងកាត់ និងចូលរួមកាន់តែច្រើន អ្នកក៏នឹងរៀនសុត្របានកាន់តែច្រើនដែរ ហើយបើអ្នកធ្វើអ្វីៗទាំងអស់នោះច្រើន អ្នកនឹងមានទំនុកចិត្តកាន់តែខ្លាំងឡើង។ ទំនុកចិត្ត ជាប្រភពស្នូលដ៏សំខាន់តែមួយគត់ សម្រាប់បង្កើតជំនាញទន់នោះ។ វាជាថាមពលស្នូលដ៏សំខាន់ ដែលនាំមកឱ្យអ្នកនូវអ្វីៗគ្រប់បែបយ៉ាង ជួយឱ្យអ្នកក្លាយជាមនុស្សបើកចិត្ត មានចំណេះដឹងទូលំទូលាយ ជាបុគ្គលសាធារណៈ ដែលមានទំនាក់ទំនងល្អក្នុងសង្គម ជាបុគ្គលដែលគេអាចពឹងអាស្រ័យបាន ឬមិនថាបែបណានោះទេ គេច្រើនតែជាបុគ្គលជោគជ័យ ជាបុគ្គលដែលមានទំនុកចិត្តខ្ពស់»។ អ្នកឧកញ៉ា បានបន្ត។

អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់បន្ថែមថា នៅពេលយើងមានជំនឿជឿជាក់លើខ្លួនឯង នោះយើងនឹងក្លាយជាវាគ្មិនដ៏ពូកែបំផុត ហ៊ានដកពិសោធន៍ ហ៊ានប្រឡូក ហ៊ានធ្វើ ហ៊ានទៅសម្ភាសន៍នៅកន្លែងធ្វើការដែលមនុស្សគ្រប់គ្នាខ្លាច សូម្បីតែដាក់ប្រវត្តិរូបសង្ខេប ប៉ុន្តែពេលខ្លះ កន្លែងការងារដែលមនុស្សខ្លាចនឹងដាក់ប្រវត្តិរូបសង្ខេប នោះហើយជាកន្លែងដែលកំពុងស្វែងរកបុគ្គលិកខ្លាំងបំផុត។ ក្រុមហ៊ុននោះចង់ជ្រើសរើសបុគ្គលិកណាដែលហ៊ានបំផុត មានភាពក្លាហានបំផុត ហើយពេលខ្លះចំណេះដឹងជាចំណែកមួយ ឯជំនាញជាចំណែកផ្សេងមួយទៀត ប៉ុន្តែភាពក្លាហានដែលពោរពេញទៅដោយទំនុកចិត្ត គឺជាចំណែកមួយដ៏សំខាន់ដែលបណ្តាលឱ្យក្រុមហ៊ុនកំពុងស្វែងរកនិងចង់បាន៕