ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន ព្រមទាំង ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យរួមគ្នាអំពីរបាយការណ៍វឌ្ឍនភាពការងារឆមាសទី២ ឆ្នាំ២០២៤ នៃក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” ក្រោមអធិបតីភាព លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនិយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ និងសមាសភាពក្រុមការងារលេខាធិការដ្ឋាន របស់ ក្រសួងរៀបចំដែនដី ដែលទើបបង្កើតថ្មី និងវត្តមាន សមាជិកសមាជិកាពាក់ព័ន្ធផ្សេងទៀតផងដែរ។ កិច្ចប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពនៃក្រុមការងារ “ផ្នែកសំណង់ និងអចលនទ្រព្យ” ត្រូវបានធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីវឌ្ឍនភាពការងារឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ និងការប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាននៃក្រុមការងារផ្នែកសំណង់និងអចលនទ្រព្យ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៥។
លោក ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ មានទស្សនវិស័យរួមគឺ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ គឺជាខឿនសេដ្ឋកិច្ចជាតិ ក៏ដូចជាការបង្កើតឱកាសការងារជូនប្រជាជនកម្ពុជា។
លោករដ្ឋលេខាធិការ ផារ៉ា មង្គល បានបញ្ជាក់ទៀតថា ដើម្បីសម្រេចបាននូវទស្សនវិស័យនេះ ក្រសួងបាននិងកំពុងខិតខំស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សេងៗ និងឆ្លើយតបទៅនឹងសំណូមពរនានា ក្នុងវិស័យឯកជន ផ្នែកសំណង់ និងអចលនទ្រព្យ ដោយឈរលើស្មារតីយោគយល់គ្នាក្នុងគ្រាលំបាក ពីព្រោះថាវិស័យឯកជន ជាសរសៃឈាមដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ៕





