អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសមាគមសិល្បករខ្មែរ បណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម សម្តេចធីបតី ហ៊ុន ម៉ាណែត 

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ បណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមសិល្បករខ្មែរ ក្នុងជំនួបនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់សិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ តាមរយ:មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងទៅ។

ជាមួយគ្នានោះ សម្តេចបវរក៏បានថ្លែងអំណរគុណដែលសមាគមសិល្បករខ្មែរបានចាត់រៀបចំឱ្យសិល្បករសិល្បការិនីរបស់ខ្លួនបានចុះទៅទស្សនា និងជួយផ្សព្វផ្សាយផ្ទាល់ពីស្ថានភាពពិតនៃបូរណភាពទឹកដី និងការរស់នៅរបស់បងប្អូនខ្មែរដែលកំពុងរស់នៅតាមបណ្តោយព្រំដែន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងរថា សិល្បករ និងកីឡាករ មិនត្រឹមតែបានចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូផង់របស់ខ្មែរប៉ុណ្ណោះទេ តែការចូលរួមដោយទឹកចិត្តជាមួយរាជរដ្ឋាភិបាល គឺជាទឹកចិត្តដ៏ល្អប្រពៃក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ និងចែករំលែកក្តីស្រលាញ់របស់ខ្លួន រួមជាមួយការអភិវឌ្ឍ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន ដែលបង្កើតបានការរីកចម្រើនថ្មីបន្ថែមផង និងក្លាយជាខឿនការពារជាតិរឹងមាំយូរអង្វែងផងដែរ។

គួរបញ្ជាក់ផងដែរថា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវក្រវាត់ព្រំដែននោះ ទទួលបានការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ។ ក្នុងរយៈពេលប្រមាណ ៦៦ថ្ងៃ មូលនិធិនេះទទួលបានការចូលរួមយ៉ាងផុលផុសពីប្រជាពលរដ្ឋសរុបជាង ៧២ម៉ឺនអង្គ/នាក់ និងទទួលបានថវិកាសរុបជិត ២៧លានដុល្លារអាមេរិក។

ថវិកាមូលនិធិនេះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រ ស្មើនឹង ១៨.៤ភាគរយនៃផ្លូវខ្សែក្រវាត់ព្រំដែនដែលនៅសល់ប្រមាណ ៥១.៩០ភាគរយ។ ក្នុងនោះ នៅខេត្តមណ្ឌលគិរី មានប្រវែងសរុប ១៤៧,៥២គីឡូម៉ែត្រ និងខេត្តរតនគិរី ប្រវែងសរុប ១០២,៤៨គីឡូម៉ែត្រ។

ក្នុងភូមិសាស្ត្រដែលត្រូវសាង់សង់ផ្លូវក្រវាត់ព្រំដែននេះ ជាតំបន់ដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាមរាយប៉ាយលើផ្ទៃដីជាច្រើនផងដែរ។ លើតម្រាយផ្លូវប្រមាណ ២៥០គីឡូម៉ែត្រ ក៏នឹងត្រូវបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីទំហំប្រមាណជាង ៦លានម៉ែត្រក្រឡាផងដែរ។ លើតម្រាយផ្លូវប្រវែង ២៥០គីឡូម៉ែត្រនេះ នឹងសាងសង់សិល្បការ្យ ដូចជាស្ពាន និងប្រព័ន្ធលូជាដើមនោះ សរុប ៥៦៦កន្លែង។

ការសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែង ២៥០គីឡូម៉ែត្រនេះ បានចាប់ផ្តើមការដ្ឋានជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោង បញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ ដោយប្រើពេលវេលា៣០ខែ៕