អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានបើកដំណើរការអាជីវកម្មកប៉ាល់ទំនើបដឹកអ្នកដំណើរ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ សម្រាប់ដឹកនាំអ្នកដំណើរពីខេត្តកំពត ទៅដល់កោះត្រល់ (កោះភូកុក) ប្រទេសវៀតណាម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ដោយចំណាយពេលត្រឹម ៤០នាទីប៉ុណ្ណោះ។
ក្នុងការដំណើរការជើងដឹកអ្នកដំណើរតាមកប៉ាល់ទំនើបទៅកាន់កោះត្រល់នេះ ទោះបីមានភាពលំបាកបន្តិចមែន ប៉ុន្តែអ្នកឧកញ៉ា សួរ វីរៈ និងក្រុមការងារ បានប្តេជ្ញាចិត្តបំបែកប្រវត្តិសាស្ត្រថ្មីនេះឱ្យបាន។ អ្នកឧកញ៉ា បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃពុធ យ៉ាងដូច្នេះថា៖ “ថ្ងៃដំបូងចាប់ផ្តើមអាជីវកម្មកប៉ាល់ទំនើបដឹកអ្នកដំណើរ ក្រុមហ៊ុនវីរ:ប៊ុនថាំជាប្រវត្តិសាស្រ្តមិនដែលមានពី កោះត្រល់(កោះភូកុក) ប្រទេសវៀតណាម ឆ្ពោះទៅកាន់ទឹកដីខេត្តកំពតត្រឹមតែ ៤០នាទីប៉ុណ្ណោះ។ ដំណើរថ្ងៃដំបូងមើលទៅដូចកំសត់បន្តិចតែក្រុមការងារតាំងចិត្តបំបែកប្រវត្តិសាស្រ្តថ្មីដូចដែលពួកយើងធ្លាប់បានធ្វើច្រើនដងមកហើយ។ ពួកយើងតាំងចិត្តរួមគ្នានឹងយកឈ្មោះ និង ឡូកូ ក្រុមហ៊ុន វីរ:ប៊ុនថាំ ប្រកបដោយភាពល្បីល្បាញនៅលើទឹកដីកោះត្រល់ឱ្យបាន។ គ្រួសារវីរ:ប៊ុនថាំ តែងតែឈានមុខគេជានិច្ច”។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង។ អ្នកឧកញ៉ា ជាអ្នកជំនួញមួយរូប ដែលតែងតែគិតឃើញនូវជំនួញថ្មីៗ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា ដូចជាសេវាកម្មរថយន្ដដឹកជញ្ជូនពេលយប់មានគ្រែសម្រាប់គេង ទូកល្បឿនលឿន ប៊ូវ៉ាស៊ីកម្ពុជា (Buva Sea Cambodia) បម្រើសេវាកម្មដឹកអ្នកដំណើរទៅកាន់កោះរ៉ុង និងកោះរ៉ុងសន្លឹម ព្រមទាំងសេវាកម្មដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័ស ទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាមផងដែរ៕