ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី វិមានសំណាង និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United FC បានបង្ហើបឱ្យដឹងថា លោកបានស៊ុតបញ្ចូលទីសរុបបាន ១២៤គ្រាប់ រយៈពេលមួយឆ្នាំពេញ ក្នុងឆ្នាំ២០២៤នេះ។
មុននឹងឈានចូលដល់ឆ្នាំថ្មី២០២៥ខាងមុខដ៏ឆាប់ៗនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមបាល់ទាត់ Khmer United FC បានធ្វើការសរុបសកម្មភាពបាល់ទាត់ក្នុងឆ្នាំ ២០២៤ របស់លោកជាមួយនឹងលទ្ធផលគួរឱ្យកត់សម្គាល់។ លោកឧកញ៉ាបណ្ឌិត បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីថ្ងៃពុធថា សរុបសកម្មភាពបាល់ទាត់ក្នុងឆ្នាំ ២០២៤ របស់ គីម ហ៊ាង វ័យ ៤៥ឆ្នាំ កំពស់ ១៧៥សម មកពីក្លឹបបាល់ទាត់ Khmer United FC៖
១.ក្លាយជាជើងឯកក្នុងពាន Soccer League 2024 រដូវកាលទី៧
២.ក្លាយជាជើងឯករងក្នុងពាន True Vision 2024 វ័យចាស់
៣.កំពុងលេងដល់វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ វិមានសំណាង លីក ២០២៤ (Vimean Samnang League) រដូវកាលទី ១១
៤.ចូលរួមប្រកួតបាន ៥៣ប្រកួត ឈ្នះគេ ៤៨ប្រកួត ចាញ់គេ ៤ប្រកួត និងស្មើគេ ១ប្រកួត នៅចន្លោះថ្ងៃទី ០៤ មករា ដល់ ២១ ធ្នូ ២០២៤
៥.ទាត់បញ្ចូលទីបាន ១២៤គ្រាប់ ជើងស្តាំបាន ១០០គ្រាប់ ជើងឆ្វេងបាន ២៣គ្រាប់ ប្រើក្បាលបាន ១គ្រាប់ និង assist បាន ១៩គ្រាប់។
គួរបញ្ជាក់ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាអ្នកស្នេហាវិស័យបាល់ទាត់មួយរូប ហើយលោកឧកញ៉ាតែងតែចូលរួមក្នុងការជួយលើកស្ទួយវិស័យបាល់ទាត់កម្ពុជា តាមរយៈបង្កើតពានរង្វាន់សម្រាប់យុវជនចូលរួមប្រកួតប្រជែងផងដែរ។ លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិកពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព Khmer Real Estate Cup ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១២ ហើយបច្ចុប្បន្នត្រូវបានប្តូរមកឈ្មោះ ពានរង្វាន់បាល់ទាត់ វិមាន សំណាង លីគ (Vimean Samnang League)៕