ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម វេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ វៀតណាម-កម្ពុជា ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែននិងសេដ្ឋកិច្ចឌីជីថល» កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។

វេទិកានេះសហការរៀបចំដោយ ស្ថាប័នពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA ដោយមានការអញ្ជើញចូលរួមដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា,ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាមនៅកម្ពុជា, លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ពុជា, លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ , លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភាកម្មកម្ពុជា, លោកស្រី BUI THI THANH HANG នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, លោក DO QUOC HUNG ប្រធាននាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិក នៃក្រសួងឧស្សាហកម្មនិពាណិជ្ជកម្មវៀតណាម និងធុរជននៃប្រទេសទាំងពីរសរុប ១៤០នាក់។
គួរបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីតភ្ជាប់ គាំទ្រ និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ធុរកិច្ចវៀតណាម ក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគជាមួយនឹងសហគមន៍ធុរកិច្ចនៅកម្ពុជា។ នៅក្នុងនៃវេទិកានេះផងដែរ ក៏មាននូវពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់អង្ករ រវាងក្រុមហ៊ុនរោងម៉ាស៊ិនកិនស្រូវ Kon Khmer Co., Ltd ដែលជាសហគ្រាសក្នុងស្រុក ជាមួយក្រុមហ៊ុននិងអាជីវកម្មវៀតណាមមួយចំនួន ដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕





