អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលជួបសម្តែងការគួរសម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងបានជម្រាបជូននូវចក្ខុវិស័យអាជីវកម្មរបស់ក្រុមហ៊ុនវីរ:ប៊ុនថាំ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។
នៅលើបណ្តាញសង្គម អ្នកឧកញ៉ា សួរ វីរៈ បានសម្តែងនូវការថ្លែងអំណរគុណចំពោះលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូននូវចក្ខុវិស័យអាជីវកម្មរបស់ក្រុមហ៊ុនវីរ:ប៊ុនថាំ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសំណូមពរពីបញ្ហាខ្លះៗ ដែលបានជួបប្រទះកន្លងមក។ ក្នុងជំនួបនេះ អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា លោកបានទទួលនូវបទពិសោធន៍បន្ថែម ព្រមទាំងអនុសាសន៍ណែនាំមួយចំនួនពី លោករដ្ឋមន្ត្រី ព្រមទាំងចក្ខុវិស័យវែងឆ្ងាយរបស់ក្រសួងទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ សង្ឃឹមយ៉ាងមុតមាំថា លោករដ្ឋមន្ត្រី ហួត ហាក់ នឹងដឹកនាំនាវាទេសចរណ៍កម្ពុជា ឱ្យមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង។ អ្នកឧកញ៉ា ជាអ្នកជំនួញមួយរូប ដែលតែងតែគិតឃើញនូវជំនួញថ្មីៗ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា ដូចជាសេវាកម្មរថយន្ដដឹកជញ្ជូនពេលយប់មានគ្រែសម្រាប់គេង ទូកល្បឿនលឿន ប៊ូវ៉ាស៊ីកម្ពុជា (Buva Sea Cambodia) បម្រើសេវាកម្មដឹកអ្នកដំណើរទៅកាន់កោះរ៉ុង និងកោះរ៉ុងសន្លឹម ហើយកាលពីថ្ងៃទី២៥ ខែធ្នូ ថ្មីៗនេះ អ្នកឧកញ៉ា ក៏ទើបបើកដំណើរការអាជីវកម្មកប៉ាល់ទំនើបដឹកអ្នកដំណើរ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ សម្រាប់ដឹកនាំអ្នកដំណើរពីខេត្តកំពត ទៅដល់កោះត្រល់ (កោះភូកុក) ប្រទេសវៀតណាម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រផងដែរ៕