ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសម្រាប់សិក្សា និងរៀបចំសាងសង់វិមានឈ្នះ-ឈ្នះ ក្នុងពិធីអបអរសាទរខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងពីការដឹងគុណជាទីបំផុតចំពោះ សមិទ្ធផលនៃសន្តិភាពនៅកម្ពុជា កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយផ្តើមយកជីវិតជាដើមទុន និងផ្សារភ្ជាប់ជាមួយដំណើរជាតិកម្ពុជាគ្រប់ដំណាក់កាល ដឹកនាំស្វែងរកសន្តិភាព និងការអនុវត្តប្រកបដោយ ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ ក្នុងនាមជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិបត្តិករសំខាន់ៗមួយចំនួនទៀត ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានាថ្ងៃទី២៩ កាលពី២៦ឆ្នាំមុន។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា សមិទ្ធផលនេះបានក្លាយជាអំណរពរជ័យដ៏ធំធេង សម្រាប់ប្រជាជាតិកម្ពុជា ដែលមានសុខសន្តិភាព ឯកភាពជាតិពេញលេញ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា ៥០០ឆ្នាំចុងក្រោយនេះ។ ដំណើរ ជាតិកម្ពុជាប្រកបដោយវឌ្ឍនភាពក្រោមម្លប់សន្តិភាពនេះ កំពុងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ យ៉ាងរឹងមាំក្នុងការការពារសុខសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានគោលដៅ មានកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងនោះអាទិភាពលើ បច្ចេកទេសឌីជីថល បាននឹងកំពុងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ពង្រីកទំនាក់ទំនងការ បរទេស វិនិយោគទុន អភិវឌ្ឍឌីជីថល ដែលធ្វើឲ្យសញ្ញាណនៃវឌ្ឍនភាពកម្ពុជាកាន់តែបោះជំហានទៅមុខ ឈរលើ គោលជំហរក្សាការពារ ស្ថិរភាពសន្តិភាព ប្រកបដោយបរិយាបន្ន៕