លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ បានអញ្ជើញអមដំណើរ លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះសិក្សា និងសម្រេចយក គម្រោងរៀបចំកែលម្អទីធ្លាវត្តមុន្នីរតនារាម (ហៅវត្តទួលទំពូង) ដែលនឹងប្រែក្លាយជាសួនបៃតងក្នុងរាជធានីមានលក្ខណៈទំនើប អាចប្រើប្រាស់សម្រាប់លំហែរកម្សាន្ត ការហាត់ប្រាណ និងសកម្មភាពការជួបជុំផ្សេងៗ។
លោក ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារទទួលបន្ទុកការងារចលនាមហាជន នៃគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា៖ “សួនសាមគ្គី” គឺជាគម្រោងដែលផ្តោតទៅលើទីលានបៃតងខ្នាតតូច ដើម្បីលើកកម្ពស់សុខមាលភាពទាំងផ្នែកផ្លូវកាយ និងផ្លូវចិត្តប្រកបដោយសុខដុមរមនា និងសាមគ្គីភាពនៅក្នុងសង្គម។ ដើម្បីឱ្យស្របតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ប្រសាសន៍របស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីការរៀបចំ និងកែលម្អលំហសាធារណៈ និងលំហបៃតង តាមបណ្តារាជធានី-ខេត្ត ទាំង២៥។
លោករដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងទៀតថា តាំងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយ និងគាំទ្រដោយក្រុមហ៊ុន ជីប ម៉ុង ចុះសិក្សា និងសម្រេចយក គម្រោងរៀបចំកែលម្អទីធ្លាវត្តមុន្នីរតនារាម (ហៅវត្តទួលទំពូង) ជាដំណាក់ការនៃការចាប់ផ្តើម Pilot Project ក្នុងការកែប្រែសោភ័ណភាពទីក្រុងឱ្យបានប្រសើរឡើង សម្រាប់ការគោរពបូជារបស់ពុទ្ធសាសនិក និងបន្ថែមមុខងារថ្មី គឺប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ អាចប្រើប្រាស់សម្រាប់សកម្មភាពការជួបជុំ លំហែរកម្សាន្ត ការហាត់ប្រាណ ជាដើម។
លោក រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពន្យល់បន្ថែមថា៖ ការរៀបចំគម្រោងកែលម្អ និងការបង្កើត ក៏ដូចជា ការកែលម្អលំហសាធារណៈ និងលំហបៃតង “សួនសាមគ្គី” ក្នុងទីធ្លាវត្តមុន្នីរតនារាម (ហៅវត្តទួលទំពូង) នេះ ក៏បានរួមចំណែកលើកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សំដៅធ្វើទីក្រុងក្លាយជាទីកន្លែងទាក់ទាញការវិនិយោគ ទេសចរណ៍ និងបរិស្ថានល្អ ជាទីសុខដុមសម្រាប់ការរស់នៅ។ ពេលនោះទីធ្លាវត្តអារាមនឹងសម្បូរទៅដោយភាពបៃតងជាមួយនឹងដើមឈើធំៗដ៏ត្រជាក់ គ្មានអ្នកជក់គ្រឿងញៀននៅក្រោយចេតិយ គ្មានក្មេងទំនេីង ព្រមទាំងគ្មានការបន្ទរបង់ពាសវាងពាសកាលនៅទីធ្លាវត្តអារាម ប្រែក្លាយទីធ្លាវត្តអារាមពោពេញទៅដោយភាពបៃតងនៅក្នុងចំណោមអាគារខ្ពស់ៗនៅក្នុងទីក្រុង។
លោករដ្ឋលេខាធិការ ផារ៉ា មង្គល បានគូសបញ្ជាក់ថា លំហសាធារណៈ និងលំហបៃតង ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង។ មិនតែប៉ុណ្ណោះ ការបង្កើត និងការកែលម្អលំហសាធារណៈ និងលំហបៃតងនេះ បានរួមចំណែកលើកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សំដៅធ្វើទីក្រុងក្លាយជាទីកន្លែងទាក់ទាញការវិនិយោគ ទេសចរណ៍ និងបរិស្ថានល្អ ជាទីសុខដុមសម្រាប់ការរស់នៅផងដែរ៕