ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង អ្នកឧកញ៉ា សួរ វីរៈ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដោយពុំទទួលប្រាក់បំណាច់មុខងារ រួមទាំងឥស្សរជនចំនួន ១៦រូបផ្សេងទៀត តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។


អ្នកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត សរុបជាង ១០កន្លែង ទូទាំងប្រទេសកម្ពុជា។ លោកឧកញ៉ា សួរ វីរៈ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ហើយចុងឆ្នាំ២០២៤ កន្លងទៅនេះ អ្នកឧកញ៉ា ក៏ទើបទទួលបានការតែងតាំង ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ផងដែរ។


សូមជម្រាបថា ក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រម កាលថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដោយមានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើ វិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា៕