អ្នកឧកញ៉ា គៀន ស្រីនាង ភរិយាលោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសបរិច្ចាគថវិកា ៣៥ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន។
តាមរយៈសារលិខិតជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យសប្បុរសជនបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ លោកជំទាវបណ្ឌិត បានគូសរំលេចថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយជាមធ្យមជាង ៤០លានដុល្លារអាមេរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា នាពេលកន្លងមក។
គួរបញ្ជាក់ថា លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា តែងតែបានចូលរួមសកម្មភាពមនុស្សធម៌នៅក្នុងសង្គម។ សម្រាប់ក្នុងឆ្នាំ២០២៤កន្លងទៅនេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបរិច្ចាគថវិកាសរុបប្រមាណជាង ១លានដុល្លារអាមេរិក ក្នុងសកម្មភាពមនុស្សធម៌សង្គម រួមមានទាំង ការជួយសាងសង់សមិទ្ធផលនានាតាមទីវត្តអារ៉ាម សាលារៀន ការបរិច្ចាគដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ការឧបត្ថម្ភដល់ទូក ង ការបរិច្ចាគជូនកាកបាទក្រហម និងការបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕