អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស នាព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញសារគោរពថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់សេចក្តីទុកចិត្តតែងតាំងតួនាទីដល់រូបលោក ដើម្បីមានឱកាសចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។

អ្នកឧកញ៉ា សួរ វីរៈ ត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងជា ទីប្រឹក្សារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។ បន្ថែមពីនេះ នៅចុងឆ្នាំ២០២៤ អ្នកឧកញ៉ា ក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។


ក្រោយទទួលបានការតែងតាំងតួនាទីដ៏សំខាន់ទាំងពីរខាងលើនេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហោះសារថ្លែងអំណរគុណលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រនេះយ៉ាងដូច្នេះថា៖ “ខ្ញុំបាទសូមគោរពអំណរអរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចពុក និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមទាំងថ្នាក់ដឹកនាំក្នុងក្រសួងពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការទុកចិត្តដល់រូបខ្ញុំបាទ ដើម្បីអាចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។ នេះជាជាកាដូដើមឆ្នាំ២០២៥ ក្រៅពីអាជីវកម្មថ្មីបន្ថែម”។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ គឺជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត សរុបជាង ១០កន្លែង ទូទាំងប្រទេសកម្ពុជា។ លោកឧកញ៉ា សួរ វីរៈ ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣៕