អ្នកឧកញ៉ា ឡេង ប្រុស ដំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Galaxy Navatra Group បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជា ម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាម្តាយរបស់លោកជំទាវ សុង ធីតា ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូនៅព្រឹកថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ឡេង ប្រុស បានពាំនាំនូវសារសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ដំណឹងដ៏សែនក្រៀមក្រំរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខ និងសូមសម្តែងនូវសេចក្តីសោកសង្រេង អាឡោះអាល័យជាទីបំផុតជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានបូជាកម្លាំងកាយ ប្រាជ្ញាស្មារតី បម្រើជាតិ សាសនា ព្រះមហា ក្សត្រ និងមាតុភូមិ មិនខ្លាចនឿយហត់នាពេលកន្លងមក៕




