លោកអ្នកឧកញ៉ា ទ្រី ភាព បំពាក់និមិត្តសញ្ញាក្រុមហ៊ុនធ្វើអំពីមាស ជូនដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បានបំពាក់និមិត្តសញ្ញាក្រុមហ៊ុនធ្វើអំពីមាស ទម្ងន់ ៥ជី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកឆ្នើមប្រចាំឆ្នាំមួយចំនួន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ទ្រី ភាព គ្រុប បានឱ្យដឹងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៥ ក្នុងរយៈពេល ១ថ្ងៃកន្លះ បានប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលល្អគួរឱ្យកត់សម្គាល់ ដោយការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកសំខាន់ៗចំនួន ១១៧ រូប។ ទាំងទីស្នាក់ការកណ្ដាល និងគ្រប់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក៏ដូចជាសាខាទាំងអស់បានធ្វើបទបង្ហាញនូវរបាយការណ៍ស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើទិសដៅបន្តឆ្នាំ២០២៥ របស់ខ្លួនបានយ៉ាងល្អប្រសើរគ្រប់ៗគ្នា។

លើសពីនេះទៀត លោកអ្នកឧកញ៉ាអគ្គនាយក ក៏បានផ្ដល់អនុសាសន៍ជាសារទូន្មានអប់រំប្រកបដោយអត្ថន័យ និងផ្ដល់គំនិតល្អៗក្នុងការដោះស្រាយបញ្ហាផ្សេងៗដល់ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិកទាំងដែលមានវត្តមាននៅក្នុងអង្គប្រជុំផងដែរ។ ចំពោះការលើកទិសដៅអនុវត្តឆ្នាំ ២០២៥ អង្គប្រជុំបានឯកភាពតាមផែនការ ដែលបានគ្រោងទុក ជុំវិញការងាររបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខានៃក្រុមហ៊ុន ទ្រី ភាព គ្រុប ទាំងមូល។ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខាទាំងអស់បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ថានឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីរកដំណោះស្រាយចំពោះរាល់បញ្ហាប្រឈមដែលមាន និងសម្រេចឱ្យបាននូវផែនការដែលបានគ្រោងទុករបស់ខ្លួន។

ទន្ទឹមនេះ បន្ទាប់ពីការធ្វើបទបង្ហាញស្ដីពីការបូកសរុបលទ្ធផលការងារពីទីស្នាក់ការកណ្ដាល ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខារួចរាល់មក ក៏មានការបំពាក់នូវ និមិត្តសញ្ញាក្រុមហ៊ុន ដែលធ្វើអំពីមាស ទម្ងន់ ៥ជី ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកដែលមានស្នាដៃល្អមួយចំនួន។

គួររំឭកថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៤ កាលពីឆ្នាំមុន លោកអ្នកឧកញ៉ា ទ្រី ភាព ធ្លាប់បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនទ្រីភាពគ្រុប មានបុគ្គលិកសរុបប្រមាណជាង ៤ពាន់នាក់ ហើយបានចំណាយប្រាក់ខែប្រចាំខែជាង ១លានដុល្លារសហរដ្ឋអាមេរិក។ ទទឹមនឹងនោះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបានចូលរួមបង់ពន្ធជូនរដ្ឋ រហូតដល់ទៅប្រមាណជា ២០លានដុល្លារអាមេរិក។ ក្រុមហ៊ុនទ្រីភាព គ្រុប បាននិងកំពុងប្រកបមុខជំនួញលើវិស័យជាច្រើន មានដូចជាសំណង់ ដឹកជញ្ជូន កំពង់ផែ សណ្ឋាគារ ប្រេងឥន្ធនៈ ដំណាំកៅស៊ូ និងកន្លែងសម្រាកលំហែទេសចរណ៍ ដូចជា គម្រោងអភិវឌ្ឍ កោះទន្សាយ រីសត នៅខេត្តកែប ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១៣០លានដុល្លារផងដែរ៕