ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានដឹកនាំ ថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន វិរ:ប៊ុនថាំ អេចប្រេស នាំយកថវិកាចំនួន ២០០រៀល បរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា។
ការចូលរួមក្នុងសកម្មភាពសប្បុរសធម៌មួយនេះ ធ្វើឡើងស្របតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ហើយក៏ស្របតាម វប្បធម៌ចំបងមួយរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ គឺតែងតែចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ជានិច្ច។
តាមការឱ្យដឹងពីឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះគឺជាលើកទី៩ហើយ ដែលក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ចូលរួមបរិច្ចាគថវិកាដល់មន្ទីពេទ្យគន្ធបុប្ផា ដើម្បីជាចំណែកមួយក្នុងការចូលរួមជួយសង្គ្រោះដល់កុមារកម្ពុជា។
គួររំលឹកផងដែរថា ជារឿយៗ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ និងបុគ្គលិកក្រុមហ៊ុន ដែលអ្នកឧកញ៉ា ហៅថា មហាគ្រួសារ វិរៈ ប៊ុនថាំ តែងតែបរិច្ចាគធនធាន ថវិការាប់មុឺន រាប់សែនដុល្លារ ក្នុងបេសកកម្មជួយត្រលប់ទៅសង្គមវិញ។ ក្នុងនោះរួមមាន៖ ការជួយវិភាគទានដល់មន្ទីរពេទ្យកុមារ ជួយសាងសង់សាលារៀន បរិច្ចាគឈាម និងការគាំពារសង្គមផ្សេងៗរាប់មិនអស់ ជាពិសេសការ ជួយបរិច្ចាគដោយផ្ទាល់ និងតបតាមការអំពាវនាវនានា ពីប្រមុខរាជរដ្ឋាភិបាល។
និយាយដោយឡែក គ្រាន់តែមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ឯកឧត្តម អ្នកឧកញ៉ា ស្ថាបនិកក្រុមហ៊ុន ដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា ដែលមានស្រុកកំណើតពីខេត្តកំពង់ធំរូបនេះ បានបរិច្ចាគគិតជាទឹកប្រាក់ប្រមាណចូលជិត ២០ម៉ឺនដុល្លារ រួចមកហើយ។
សូមជម្រាបផងដែរថា ក្រៅពីវិស័យបញ្ញើរ និងដឹកជញ្ជូន ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ក៏ជាអ្នកជំនួញដ៏លេចធ្លោរមួយរូប លើវិស័យទេសចរណ៍នៅកម្ពុជា។ អ្នកឧកញ៉ា មានសណ្ឋាគារ រីសត ជាច្រើនកន្លែងដូចជា Apex Koh Kong Hotel, Tube Resort, One Beach Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត ព្រមទាំងគ្រោងសម្ពោធដាក់ឱ្យដំណើរការ Sdach Chhne Resort & Resident ដែលជារីសតមានអាងទឹកវែងជាងគេនៅអាស៊ី ប្រវែងដល់ទៅ ២៥០ម៉ែត្រ នៅចុងឆ្នាំ២០២៥នេះ៕