ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ៖ ការចុះ MOU ប្រតិបត្តិការជាមួយកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ រំពឹងទទួលអ្នកដំណើរប្រមាណ ១លាននាក់

ជុំវិញ​ឧកញ៉ា

ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd) យល់ឃើញថា ការចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាមួយក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group នឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ ដែលរំពឹងទទួលអ្នកដំណើរភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការយល់ឃើញខាងលើនេះ គឺក្នុងឱកាសដែល ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត ប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងសេវាកម្មទូកល្បឿនលឿន រវាងក្រុមហ៊ុនទាំងពីរ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមអ្នកឧកញ៉ា ថ្លែងថា កិច្ចសហការនេះ ជាការរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការចូលរួមលើកកម្ពស់ ក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ច សេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជាផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា អគ្គនាយក ក៏បានលើកឡើងពី លក្ខណៈពិសេសផ្សេងៗទៀត និងការរំពឹងពីកិច្ចសហការ មួយនេះ រួមមាន៖ កំពង់ផែនេះ នឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញភ្ញៀវទេសចរផងដែរ ព្រោះជាច្រកទ្វារផ្លូវសមុទ្រអន្តរជាតិយ៉ាងសំខាន់ ដែលរំពឹងទទួលអ្នកដំណើរភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ឱ្យបាន ៥០០,០០០នាក់ ក្នុងឆ្នាំ២០២៥ និង ១លាននាក់ក្នុងឆ្នាំ២០២៦ ហើយក៏នឹងជួយជំរុញបន្ថែមការអភិវឌ្ឍន៍ទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត។ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏ទើបបើកដំណើរការសេវាកប៉ាល់ទំនើបដឹកអ្នកដំណើរ ពីខេត្តកំពតទៅដល់កោះត្រល់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយចំណាយពេលត្រឹម ៤០នាទី ខណៈដែលក្រុមហ៊ុនក៏បានធ្វើប្រតិបត្តិការទូកល្បឿនលឿនឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេច អស់រយ:ពេលជិត ០៨ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕