លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមតំណាងក្រសួង-ស្ថាប័នដែលជា សមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងរដ្ឋបាលបណ្តាខេត្តតាមបណ្តោយឆ្នេរសមុទ្រ ព្រមជាមួយវត្តមានតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីឱ្យមានការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ក្នុងការពិនិត្យសក្តានុពលធនធាននៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជាជារួម សំដៅគិតគូរដល់ការរៀបចំផែនការឯកភាព សម្រាប់បន្តអភិវឌ្ឍ និងអភិរក្សឱ្យសមស្របទៅនឹងសក្តានុពល និងលក្ខខណ្ឌដែលអំណោយផល ឈានទៅលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដើម្បីបន្តរក្សាសក្តានុពលតំបន់នេះ ជារបៀង សេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិ ដែលបានបង្កើតឱកាសការងារ ស្រូបយកចំណូលយ៉ាងច្រើនផ្តល់ជូនប្រជាជន។

ជាលទ្ធផល តាមរយៈការចូលរួមមតិយោបល់របស់សមាជិកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្រេចប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរៀបចំការចុះបញ្ជីដី ព្រមទាំងសិក្សាសក្តានុពលតំបន់ឆ្នេរសមុទ្រទាំងអស់ជារបៀងសេដ្ឋកិច្ចរួម។ ជាមួយគ្នានេះ ស្របពេលដែលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ នឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំង លាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប ឱ្យក្លាយជាគោលដៅទេសចរណ៍ ក្នុងស្រុកថ្មីៗ ជាពិសេសសម្រាប់អ្នកទេសចរក្នុងស្រុក ដែលនឹងផ្តល់ជាឱកាសការងារ និងប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់ប្រជាជនកម្ពុជា៕