សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា ឧកញ៉ាៗ ប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។
ក្នុងជំនួបនេះមានវត្តមានអញ្ជើញចូលរួមពី អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង, ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករ ព្រមទាំងសមាជិកសមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជាមួយចំនួនទៀត។ ជាមួយគ្នានោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នរដ្ឋមួយចំនួនផងដែររួមមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និង ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
គួរបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា គឺជាស្ថាប័នឯកជនតែមួយគត់ តំណាងឱ្យវិស័យស្រូវឧស្សាហកម្ម ស្រូវអង្ករនៅកម្ពុជា ដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ មកពីអ្នកផលិត អ្នកកិនកែច្នៃ អ្នកនាំចេញ និងអ្នក ផ្តល់សេវាពាក់ព័ន្ធ។ ស្ថាប័នមួយនេះត្រូវបានបង្កើតឡើងតាមរយៈ ការបោះឆ្នោត ដោយសមាជិកស្ថាបនិក ២១៣រូប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយអនុក្រឹត្យរបស់រាជរដ្ឋា ភិបាលលេខ២២៨ អនប្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ១៧២ អនប្រ.បក ចុះ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
សហព័ន្ធស្រូវអង្ករកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ដែលស្ថិត ក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម និងជាដៃគូរបស់រាជរដ្ឋាភិបាល ចូលរួមរាល់ សកម្មភាពរបស់សហគមន៍ស្រូវអង្ករនៃបណ្តាប្រទេសអាស៊ាន ចូលរួមចរចារជាមួយរដ្ឋាភិបាលនៃបណ្តា ប្រទេសនាំចូល រៀបចំសន្និសីទតាំងពិព័រណ៌ស្រូវ-អង្គរថ្នាក់ជាតិ និងអន្តរជាតិជាប្រចាំឆ្នាំ ព្រមទាំងចូលរួម ក្នុងការងារផលិតពូជស្រូវសម្រាប់ចែកចាយជូនប្រជាកសិករ៕