ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស និងលោកជំទាវ ប៊ុន ចន្ធូ ព្រមទាំងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ចំណតរថយន្ដ និងកំពង់ផែទេសចរណ៍ (ពយជប៉ុន) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ។

ពិធីចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ចំណតរថយន្ដ និងកំពង់ផែទេសចរណ៍នេះ ត្រូវបានចុះហត្ថលេខាផ្ទាល់ដោយ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងលោកជំទាវ ប៊ុន ចន្ធូ អភិបាលក្រុមហ៊ុនកោះអភិជនរីស៊ត ដោយមានការចូលរួមពី លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំកោះស្ដេច លោកប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងបុគ្គលិកក្រុមហ៊ុនជាច្រើនរូបទៀត នៅសាលប្រជុំសាលាស្រុកគិរីសាគរ។
កិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ចំណតរថយន្ដ និងកំពង់ផែទេសចរណ៍ (ពយជប៉ុន) នឹងជួយជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែមានភាពងាយស្រួល ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កោះស្តេច ដែលជាតំបន់មានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ និងមានរីស៊តជាច្រើនកន្លែង។
សូមជម្រាបថា ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ បានវិនិយោគលើរីស៊តជាង ១០កន្លែងនៅតាមបណ្តាខេត្តមួយចំនួន។ ជាពិសេសនៅក្នុងតំបន់កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ មានរីស៊តល្បីៗដូចជា កោះស្តេចរីស៊ត (Koh Sdach Resort), កោះអភិជនរីស៊ត (Koh Apikjun Resort), ម៉េតម៉ាងឃី រីស៊ត (Mad Monkey Resort) និងរ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ (Royal Beach Resort & Residence) ផងដែរ៕












