ឆ្នេរកោះស្តេចរីស៊ត អភិវឌ្ឍដោយឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ ឈ្នះពានឆ្នេរខ្សាច់កម្សាន្តស្អាត «ល្អណាស់» ឆ្នាំ២០២៤-២០២៦

ជុំវិញ​ឧកញ៉ា

ឆ្នេរកោះស្តេចរីស៊ត មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលអភិវឌ្ឍដោយ ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ក្រោមកិច្ចសហការដ៏ល្អជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា វាយតម្លៃនិងបានផ្តល់ពានរង្វាន់ ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត (Beach Eco-Label) កម្រិតល្អណាស់ ប្រចាំឆ្នាំ២០២៤-២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កោះស្តេច រីស៊ត ដែលអតីតកាលធ្លាប់ជាកោះមួយដាច់ស្រយាលពុំសូវមានអ្នកស្គាល់ បច្ចុប្បន្ននេះអាចទទួលបានភ្ញៀវទេសចរប្រមាណ ១០ម៉ឺននាក់ក្នុងមួយឆ្នាំ និងអាចនាំលំហូរសាច់ប្រាក់ជាង ៥លានដុល្លារ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ នេះបើតាមការបង្ហើបឱ្យដឹងពី ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ ម្ចាស់គម្រោងអភិវឌ្ឍន៍កោះស្តេច រីស៊ត កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានេះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ព្រមទាំងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ ក៏បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ចំណតរថយន្ដ និងកំពង់ផែទេសចរណ៍ (ពយជប៉ុន) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ។ ចំណតរថយន្ត និងកំពង់ផែទេសចរណ៍ថ្មីនេះ មានទីធ្លាធំទូលាយ ស្រស់ស្អាត មានម្លប់ត្រជាក់ មានសុវត្ថិភាពខ្ពស់ អាចទុកចិត្តបាន ដែលនឹងផ្តល់ភាពងាយស្រួល សម្រាប់បងប្អូនដែលមានបំណង ចង់ឆ្លងនៅលេងកោះស្តេច អាចដើរលេងលើកោះបានយ៉ាងស្ងប់ចិត្ត។

ឯកឧត្តមអ្នកឧកញ៉ា សួរ វីរៈ ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍លើបណ្តាញសង្គម លើការអភិវឌ្ឍបន្ថែមនូវចំណតរថយន្តដូច្នេះថា៖ “នេះជាការកែប្រែមុខមាត់ថ្មីមួយទៀតរបស់កោះស្តេច ដែលធ្លាប់តែជាកោះដាច់ស្រយាលពុំមានគេស្គាល់ រហូតមកដល់ពេលនេះអាចទទួលបានភ្ញៀវទេសចរមិនតិចជាង ១០០,០០០នាក់ក្នុងឆ្នាំ២០២៣ ដែលនាំមកនូវលំហូរសាច់ប្រាក់លើសពី ៥លានដុល្លារ សម្រាប់ប្រជាពលរដ្ធក្នុងសហគមន៍”។

សូមជម្រាបថា កោះស្តេច រីស៊ត ជាតំបន់រមណីយដ្ឋានលក្ខណៈឯកជន ដំបូងគេបង្អស់នៅលើកោះឆ្នេរដូង ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ កោះស្តេច រីស៊ត បានបើកដំណើរការ កាលពីចុងឆ្នាំ២០២១ ខណៈដែលកំពង់ផែផ្ទាល់ខ្លួន សម្រាប់ភ្ញៀវចូលដើរកម្សាន្តដោយថ្មើជើង អាចគយគន់ទេសភាពកោះដ៏ស្រស់ស្អាត ក៏បានសាងសង់រួចរាល់ និងកាន់តែជួយបង្កើនទស្សនីយភាពកាន់តែអស្ចារ្យបន្ថែមទៀត៕