ជាមួយភាពសាមញ្ញៗ ឧកញ៉ា ព្រាប សុវត្ថិ ជាមនុស្សម្នាក់ដែលនិយមការធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ តាមតំបន់រមណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជាបំផុត និងតែងពាំនាំស្នាមញញឹមរាក់ទាក់ដល់សាធារណជន ជួបសំណេះសំណាលជាមួយអ្នកស្រុកក្នុងតំបន់ ហើយថែមទាំងឆ្លៀតធ្វើសប្បុរសទៀតផង។

ពិតណាស់ ទោះល្បីឈ្មោះបោះសំឡេង និងមានជំនួញជាច្រើនក្នុងដៃ តែកំពូលតារាចម្រៀងមានទ្រព្យស្តុកស្តម្ភរូបនេះ នៅតែពេញចិត្តដំណើរកម្សាន្តទេសចរណ៍លើទឹកដីមាតុភូមិ។ មិនតែប៉ុណ្ណោះ តាមរយៈសកម្មភាពនានាបង្ហាញថា រាល់ពេលដែលលោកបានទៅដល់ទីណា លោកពុំដែលបដិសេធនឹងអ្នកគាំទ្រ ក្នុងការស្នើសុំថតរូប ឬចំណាយពេលសំណេះសំណាលនឹងពួកគាត់ឡើយ។
ជាក់ស្តែង ក្នុងឱកាសដំណើរកម្សាន្តទេសចរណ៍របស់លោក និងក្រុមគ្រួសារ ទៅកាន់តំបន់ទេសចរណ៍ដាច់ស្រយាលម្តងៗ សង្កេតឃើញថា លោកតែងបង្ហាញការរាក់ទាក់ និងចង់ដឹងសុខទុក្ខរបស់អ្នករស់នៅតំបន់ទាំងនោះ ពិសេសលើការប្រកបរបរចិញ្ចឹមជីវិតពួកគាត់តែម្តង។ ខណៈជារឿយៗ លោកក៏បានរួមចំណែកជួយដល់ពួកគាត់ផងដែរ តាមរយៈការជួយទិញ ឬជូនជាថវិកាតិចតួចដល់អ្នកដែលជួបការខ្វះខាតខ្លាំង។
តួយ៉ាង តាមរយៈវីដេអូសកម្មភាពដំណើរកម្សាន្តថ្មីមួយទៀត បង្ហាញថា បើទោះបីជាឧកញ៉ារូបនេះ និងក្រុមគ្រួសារ កំពុងចំណាយពេលវេលាជាមួយគ្នាក៏ដោយ ក៏លោកមិនដែលរំលងការជួបរាក់ទាក់ជាមួយអ្នកស្រុកក្នុងតំបន់ ដោយការជួបជជែកលេង ថតរូបអនុស្សាវរីយ៍ និងធ្វើសប្បុរសនោះដែរ។
មហាជនប្រាកដជាបានជ្រាបហើយថា ឧកញ៉ា ព្រាប សុវត្ថិ ជាមនុស្សម្នាក់ដែលមានភាពរុះរាយរាក់ទាក់ មិនឆ្មើងឆ្មៃ ឬបង្ហាញអប្បកិរិយាពុំគួរគប្បីណាមួយដាក់អ្នកគាំទ្រនោះឡើយ។ លើសពីនេះ លោកតែងរួមចំណែកជួយដល់សង្គមជាតិ តាមរយៈកម្មវិធីសប្បុរសធម៌នានា ឬសកម្មភាពសប្បុរសតិចតួចបែបនេះ ជាហេតុធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ កាន់តែស្រលាញ់ពេញចិត្តលោកទ្វេឡើង៕








