រថភ្លើងដឹកទំនិញថ្មីចំនួន៤៤គ្រឿងទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន រ៉ូយាល់រេលវេ បានឱ្យដឹងថា រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថភាពពិសេសជាច្រើនសម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ រថភ្លើងដឹកទំនិញទាំងនេះនឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។
បើតាមក្រុមហ៊ុន រ៉ូយាល់រេលវេ គិតត្រឹមថ្ងៃនេះរថភ្លើងដឹកទំនិញថ្មីដែលបានបញ្ជាទិញពីប្រទេសចិនមកដល់ដោយសុវត្ថិភាព និងកំពុងដាក់ដំណើរការអាជីវកម្មសរុប១៤០គ្រឿង ហើយទូបន្តបន្ទាប់ទៀតនឹងគ្រោងមកដល់កម្ពុជាឆាប់ៗនេះ។
ការនាំចូលមកបន្ថែមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ Royal Railway ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែធំលើដំណោះស្រាយដឹកជញ្ជូនសម្រាប់ឧស្សាហកម្មក្នុងប្រទេស។
សូមជម្រាបជូនផងដែរថា រយៈពេលចុងក្រោយនេះ ក្រុមហ៊ុន រ៉ូយាល់រេលវេ ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បាននាំចូលរថភ្លើងជាច្រើនពីបរទេស ទាំងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញ៕



