ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ “ក” ផ្នែកឯកជន និងត្រូវជាកូនប្រុសរបស់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ក” “ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន ឧកញ៉ា ណាង សុធី អគ្គលេខខាធិការសភាពាណិជ្ជ្ម្មកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារជំរុញវិស័យវារីវប្បកម្មផ្នែកឯកជន និងតំណាងសមាគមអ្នកអភិវឌ្ឍន៍កៅស៊ូនៅកម្ពុជា, តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា, តំណាងសមាគមវារីវប្បកម្មកម្ពុជា, តំណាងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនមួយចំនួនទៀត។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខនេះ។ គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាលើកដំបូងនៃដើមឆ្នាំ២០២៥ នេះផងដែរ។
ជាលទ្ធផលកិច្ចប្រជុំបានទទួលយកនូវបញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ពីសមាជិករួមមាន៖ ១. ការស្នើសុំវិញ្ញាបនបត្រ័បញ្ជាក់ដើមកំណើតទំនិញ និងអនាម័យ ភូតគាមអនាម័យ ២. បញ្ហាប្រឈមក្នុងវិស័យដំឡូងមី, ៣. ទិន្នន័យផ្លូវការពាក់ព័ន្ធនឹងវិស័យកសិកម្ម រួមនឹងបញ្ហាប្រឈម និងសំណូមពរមួយចំនួនទៀតផងដែរ៕




