ក្រោយចំណាយពេលប្រកួតជិត៣ខែ ទីបំផុតពានរង្វាន់បាល់ទាត់ វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ បានរកឃើញក្រុមបាល់ទាត់ ដែលត្រូវឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមបាល់ទាត់ ខ្មែរ យូណាយធីត (Khmer United FC) ប្រកួតជាមួយនឹងក្រុមបាល់ទាត់ ចំការមនឡាយអិន ចំណែកឯការប្រកួតចំណាត់ថ្នាក់លេខ៣វិញ គឺក្រុមបាល់ទាត់អាណាចក្របៃតង ប្រកួតជាមួយនឹង ក្រុមបាល់ទាត់គោពិឃាតកុងស៊ីបាក់ខែង។ ការប្រកួតទាំងពីរនេះ នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ចាប់ផ្តើមពីម៉ោង១រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
គួររម្លឹកថា ពានរង្វាន់បាល់ទាត់ វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ គឺជាពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពធំបំផុត និងមានវ័យចំណាស់បំផុតមួយនៅកម្ពុជា ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារក្រុម ដែលចូលរួមប្រកួតសុទ្ធសឹងតែជាក្រុមដែលមានសមត្ថភាព និងមានកីឡាករល្អជាច្រើន ហើយជាពិសេសពានរង្វាន់នេះត្រូវបានរៀបចំឡើងរយៈពេល១១ឆ្នាំ ដែលចាប់តាំងពីឆ្នាំ២០១២មកម្លេះ។
សូមបញ្ចាក់ថា ពានរង្វាន់វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ សម្រាប់ក្រុមជើងឯក ទទួលបានមេដាយមាស៣០ និងទឹកប្រាក់១២លានរៀល, សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់៣០ និងទឹកប្រាក់៨លានរៀល។ រីឯក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ៣០ និងទឹកប្រាក់៤លានរៀល, ក្រុមវិន័យល្អទទួលបានប្រាក់លើកទឹកចិត្ត ៦០ម៉ឺនរៀល, ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល, អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល, អ្នកចាំទីល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល និងគ្រូបង្វឹកល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល៕