លោកជំទាវឧកញ៉ា សុខ ចន្ថា អនុប្រធានក្រុមហ៊ុនសូគីម៉ិច អុិនវេសមេនគ្រុប តំណាងអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អុិនវេសមេនគ្រុប និងឧកញ៉ា សាយ សុភ័ត្រា ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការី បានអញ្ជើញចូលរួមក្នុង “ពិធីចម្រើនពុទ្ធជ័យមង្គលដំណើរការចាក់បេតុងសាងព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ និងពិធីចម្រើនពុទ្ធជ័យមង្គលដំណើរការកសាងវត្តព្រះអង្គធំភ្នំបូកគោ” កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ពិធីនេះត្រូវបានប្រារព្វធ្វើឡើង នៅលើខ្នងភ្នំបូកគោ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះមេធានុរ័ក្ខ បណ្ឌិត គូ សុភាព និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសហការី ហើយក៏មានការចូលរួមពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយផងដែរ។ ពិធីចម្រើនពុទ្ធជ័យមង្គលដំណើរការចាក់បេតុងសាងព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ បានចាប់ផ្តើមដំណើរការ បន្ទាប់ពីការសាងសង់រួចរាល់នូវខឿនថ្នាក់ទី១ ថ្នាក់ទី២ និងខឿនថ្នាក់ទី៣។
ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ ដែលកំពុងដំណើរការសាងសង់នៅតំបន់វាលស្រែប្រាំរយ លើខ្នងភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត ជាព្រះពុទ្ធប្បដិមាខ្ពស់ជាងគេនៅកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក មានទម្រង់ជាព្រះពុទ្ធប្បដិមាមារវិជ័យ ឬផ្ចាញ់មារ ជាការសំយោគបញ្ចូលគ្នានៃទម្រង់សិល្បៈព្រះពុទ្ធប្បដិមាអន្តរសម័យអង្គរ ក្រោយសម័យអង្គរ និងព្រះវិន័យព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ។
សូមជម្រាបថា គម្រោងសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ប្រើប្រាស់ផ្ទៃដីសរុបប្រមាណ ៩១,៧ហិកតា ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាព លោក ជា សុផារ៉ា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សុខ គង់ ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ នឹងចំណាយរយៈពេលសាងសង់ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក៕










