លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗរូបណាខ្លះ ចូលរួម «ពិធីអបអរសាទរចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ ២០២៥» រៀបចំដោយស្ថានទូតចិន

ជុំវិញ​ឧកញ៉ា

នាល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូប បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង «ពិធីអបអរសាទរចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ ២០២៥» ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអបអរសាទរចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ ២០២៥ ប្រារព្វធ្វើឡើងក្រោមអធិបតីភាព លោក វ៉ាង វិនពីន (H.E. Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ មានការអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា, លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា ហុង ស៊ួន ស៊ីគង់ទ្រីវ, អ្នកឧកញ៉ា លឹម ហេង, អ្នកឧកញ៉ា លី ឃុនថៃ ព្រមទាំងឧកញ៉ាៗ ធុរជនចិននៅកម្ពុជា និងប្រជាពលរដ្ឋដែលមានខ្សែស្រឡាយចិន ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក វ៉ាង វិនពីន (H.E. Wang Wenbin) បានថ្លែងសុន្ទរកថាដ៏កក់ក្តៅ ដោយថ្លែងនូវការស្វាគមន៍យ៉ាងស្មោះស្ម័គ្រ និងជូនពរថ្ងៃបុណ្យ ដល់មិត្តគ្រប់មជ្ឈដ្ឋាន និងថ្លែងអំណរគុណដល់ប្រជាជនចិន នៅឯនាយសមុទ្រ ដែលបានរួមចំណែកជាវិជ្ជមាន ក្នុងការអភិវឌ្ឍន៍ប្រទេស មាតុភូមិ និងទំនាក់ទំនង ចិន-កម្ពុជា។

លោកឯកអគ្គរដ្ឋទូត ទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយមិត្តភក្តិកម្ពុជា ទទួលយកបទពិសោធន៍អំពីវប្បធម៌នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ចែករំលែកភាពរីករាយនៃពិធីបុណ្យ ស្វែងយល់ដោយផ្ទាល់អំពីចំណងមិត្តភាពដូចបងប្អូនរវាងប្រជាជនចិននិងកម្ពុជា ដែលជាប្រទេសមានភូមិសាស្ត្រក្បែរគ្នា ផ្សារភ្ជាប់គ្នារវាងបេះដូងនិងបេះដូង និងភាពជិតស្និទ្ធដូចគ្រួសារតែមួយ។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំម្សាញ់ ២០២៥ នឹងឈានមកដល់នៅថ្ងៃទី២៨-៣១ ខែមករា ចុងខែនេះ។ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណ្យដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ដើម្បីសម្តែងការគោរពដល់ទេវតា និងជីដូនជីតាសាច់សារលោហិត៕