លោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យសហការី នាំយកថវិកាសរុបចំនួន ២២,២៣១ដុល្លារអាមេរិកឧបត្ថម្ភដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្ដកណ្ដាល និងទទួលផ្គត់ផ្គង់ចិញ្ចឹមបីបាច់ កុមារអូទីស្សឹមចំនួន ៩នាក់ រយៈពេលមួយឆ្នាំ។

ជាមួយក្ដីស្រឡាញ់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅដល់កុមារដែលមានកំពុងពិការភាព ផ្នែកកាយសប្បទារ និងបញ្ញាស្មារតី ក្នុងឱកាសនៃការនាំយកថវិកាប្រគល់ជូនសាលា លោក ទៀង សុភៈវិជ្ជា អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកធុរៈកិច្ចនៃក្រុមហ៊ុន ជីប ម៉ុង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក បានឱ្យដឹងថា ថវិកាដែលនាំយកមកឧបត្ថម្ភនាពេលនេះមានចំនួន ២២,២៣១ដុល្លារអាមេរិក ពីលោកជំទាវ លោកអ្នកឧកញ៉ា ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង នាពេលនេះ នឹងអាចរួមចំណែកសម្រាលបន្ទុកលើថ្លៃម្ហូបអាហារ ទឹកភ្លើង ថ្លៃប្រាក់ខែ ប្រាក់ខែ លោកគ្រូ អ្នកគ្រូ និងចំណាយផ្សេងៗ របស់លោកនាយក និងគណៈគ្រប់គ្រងសាលាអប់រំពិសេសក្រុងតាខ្មៅ ដែលបច្ចុប្បន្នសាលា កំពុងទទួលបង្រៀនថ្នាក់ពិសេស ដល់ក្មួយៗកុមារ អូទីហ្សឹម សរុបរហូតដល់ ទ៣០០នាក់ ។
លោក ទៀង សុភៈវិជ្ជា បានគូសបញ្ជាក់ទៀតថា មិនត្រឹមតែឧបត្ថម្ភថវិកា លោកអ្នកឧកញ៉ា ភាព ហៀក ក៏នឹងទទួលចិញ្ចឹមកុមារអូទីស្សឹមបន្ថែម ចំនួន ៩នាក់ សម្រាប់រយៈពេលមួយឆ្នាំ ដោយផ្គត់ផ្គង់ទៅលើការចំណាយថ្លៃសិក្សា អាហារហូបចុក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ផងដែរ។


ការចូលរួមចំណែកដ៏ប្រពៃថ្លៃថ្លារបស់លោកអ្នកឧកញ៉ា និងក្រុមគ្រួសារដល់សាលាអប់រំពិសេសនាឱកាសនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំពិសេស និងសមភាពយេនឌ័រ ដល់សិស្សអូទីស្សឹម និងកុមារមានពិការភាពសតិបញ្ញា ស្របតាមគោលនយោបាយស្ដីពីអប់រំបរិយាបន្នរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបជូនថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានឈ្មោះដើមថា សាលាកុមារអូទីស្សឹមនៃអង្គការHHC ដែលត្រូវបានបង្កើតឡើងជាង១០ឆ្នាំមកហើយ។ សាលានេះបង្កើតឡើងមកក្នុងគោលបំណង ទទួលកុមារមានពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ឱ្យបានចូលរៀនស្របតាមច្បាប់អប់រំជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយទទួលបានការចូលរួមគាំទ្រពី ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា អាណាព្យាបាល និងសប្បុរសជននានា និងដោយសិស្សានុសិស្ស ពិការភាពសតិបញ្ញា និងអូទីស្សឹម ទើបមកដល់បច្ចុប្បន្ន វិទ្យាល័យមួយនេះ បើកបន្តបង្រៀនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ បច្ចុប្បន្ន សាលាអប់រំពិសេសក្រុងតាខ្មៅ កំពុងរ៉ាប់រងបង្រៀន និងចិញ្ចឹមបីបាច់កុមារអូទីស្សឹម សរុបចំនួន ៣០០នាក់៕














