តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សម្រេចបានការនាំចេញដល់ ១,៨៨០លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើងចំនួន១៦% ធៀបនឹងឆ្នាំ២០២៣ ដែលជាកំណត់ត្រាថ្មីមួយខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ RGPPSEZ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញរបស់ RGPPSEZ បានកើនឡើងទ្វេដងពី ៣១៦លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ៦៨៣លានដុល្លារក្នុងឆ្នាំ២០២១។ កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ការនាំចេញបានកើនឡើងទ្វេដងម្តងទៀត ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ដោយឈានដល់ ១,៦២១លានដុល្លារក្នុងឆ្នាំ២០២៣។ ហើយនៅឆ្នាំ២០២៤កន្លងទៅនេះ ក្រុមហ៊ុនមានកំណត់ត្រាថ្មីមួយខ្ពស់បំផុត ដែលតម្លៃនាំចេញបានកើនឡើងដល់ ១,៨៨០លានដុល្លារ កើនឡើងចំនួន១៦% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនមានមោទនភាព យ៉ាងក្រៃលែងក្នុងការរួមចំណែកប្រមាណ៧% ក្នុងតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាទាំងមូល ដែលមានតម្លៃសរុប ២៦,៦៦៤ លានដុល្លារ បើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ជាមួយនឹងចក្ខុវិស័យ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេ សម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យនានា និងក្នុងការបង្កើតឱកាសការងារ ជាច្រើនដល់ប្រជាជនកម្ពុជា។ បន្ទាប់ពីរយៈពេល១៩ ក្រុមហ៊ុនមានការអភិវឌ្ឍមកដល់បច្ចុប្បន្ន និងបានទទួលការវិនិយោគពីក្រុមហ៊ុនចំនួន១១៣ មកពី១៥ប្រទេសជុំវិញសាកលលោក ដែលមានជំនាញ ក្នុងការផលិតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិច និងអគ្គិសនី ការដំឡើង រថយន្ត និងគ្រឿងបង្គុំរថយន្ត។ ក្រុមហ៊ុនឧស្សាហកម្មទាំងនេះ បានបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាចំនួន ៤៧,៨០០ នាក់ និងអ្នកជំនាញបរទេសចំនួន ៧០០ នាក់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
សូមជម្រាបថា រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាជីវកម្មដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស នៅក្នុងឧស្សាហកម្មជាច្រើនរួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕





