ទីបំផុតពានរង្វាន់បាល់ទាត់ វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចំណាយពេលប្រកួតជិត៣ខែ។ ការប្រកួតវគ្គដ៏សំខាន់នេះ នឹងធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ នាពហុកីឡដ្ឋានអូឡាំពិក។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា ថ្ងៃចន្ទ ២០ មករា ២០២៥ នេះ នឹងមានការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រាត់ នៃពានរង្វាន់បាល់ទាត់ វិមានសំណាង លីគ (Vimean Samnang League) ២០២៤ រដូវកាលទី ១១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រវាងក្រុមបាល់ទាត់ពាក់កណ្តាលអាជីព៖
- គោពិឃាតបាក់ខែង Vs អាណាចក្របៃតង (យកចំណាត់ថ្នាក់លេខ៣) នៅម៉ោង ១ថ្ងៃត្រង់
- ខ្មែរ យូណាយធីត (Khmer United) Vs ចំការមនឡាយអិន (ផ្តាច់ព្រាត់) នៅម៉ោង ៣រសៀល
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាស្ថាបនិកបុរី វិមានសំណាង និងជាស្ថាបនិកពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីព វិមានសំណាង លីគ ២០២៤ រដូវកាលទី ១១ ក៏សូមគោរពអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ដែលចូលចិត្តវិស័យបាល់ទាត់កម្ពុជា ចូលរួមទស្សនានៅ ពហុកីឡដ្ឋានជាតិអូឡាំពិក តាមការគួរ និងដោយសេរី។
ពានរង្វាន់បាល់ទាត់ វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ គឺជាពានរង្វាន់បាល់ទាត់ពាក់កណ្តាលអាជីពធំបំផុត និងមានវ័យចំណាស់បំផុតមួយនៅកម្ពុជា ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ដោយសារក្រុម ដែលចូលរួមប្រកួតសុទ្ធសឹងតែជាក្រុមដែលមានសមត្ថភាព និងមានកីឡាករល្អជាច្រើន ហើយជាពិសេសពានរង្វាន់នេះត្រូវបានរៀបចំឡើងរយៈពេល១១ឆ្នាំ ដែលចាប់តាំងពីឆ្នាំ២០១២មកម្លេះ។
សូមបញ្ចាក់ថា ពានរង្វាន់វិមានសំណាងលីគ (Vimean Samnang League) ឆ្នាំ២០២៤ លើកទី១១ សម្រាប់ក្រុមជើងឯក ទទួលបានមេដាយមាស៣០ និងទឹកប្រាក់១២លានរៀល, សម្រាប់ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់៣០ និងទឹកប្រាក់៨លានរៀល។ រីឯក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ៣០ និងទឹកប្រាក់៤លានរៀល, ក្រុមវិន័យល្អទទួលបានប្រាក់លើកទឹកចិត្ត ៦០ម៉ឺនរៀល, ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល, អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល, អ្នកចាំទីល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល និងគ្រូបង្វឹកល្អ ទទួលបានប្រាក់លើកទឹកចិត្ត ៤០ម៉ឺនរៀល៕